(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាមកពីសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង បក្ខជនក្រុមប្រឹក្សារាជធានី បេក្ខជនក្រុមប្រឹក្សាខណ្ឌ ប្រមាណ៥០០នាក់ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ធ្វើមេទ្ទីង អបអរសារទរ និងស្ដាប់ខ្លឹមសារនៃសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មុននឹងដង្ហែរក្បួនចេញឃោសនារកសំលេងឆ្នោត ក្នុងថ្ងៃចុងក្រោយ តាមដងផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានរបស់ខ្លួនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អណត្តិទី៤។

ពិធីនេះមានការចូលរួមពីសំណាក់លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង និងលោក គឹម ឈុនអ៊ូ ជាអនុប្រធានគណបក្សខណ្ឌ។

លោក សុខ សម្បត្តិ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក-សមាជិកាគណបក្សទាំងអស់ ដែលតែងផ្តល់យុត្តិធម៌ ជំនឿ និងការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគ ជ័យក្នុងរយៈពេលជាង៤៥ឆ្នាំកន្លងមកនេះ។

ក្នុងឱកាសនោះលោកបណ្ឌិត អ៉ិត សំហេង បានថ្លែងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិមានសុខសន្តិភាព មានការរីកចម្រើន ប្រជាជនមានជីវភាពធូរធារ មានកេរ្តិ៍ឈ្មោះលេចត្រដែតឡើងវិញ លើឆាកអន្តរជាតិ។ សម្រាប់អណត្តិថ្មីនៃរាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត សម្ដេចបានខិតខំប្រឹងប្រែងបន្ដកសាងស្នាដៃពីសម្ដេចតេជោ ដឹកនាំនាវាកម្ពុជា ធ្វើដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅកាន់ត្រើយសុភមង្គល។

ប្រធានក្រុមការងារបានអំពាវនាវដល់សមាជិក សមាជិកា ក្រុមប្រឹក្សា សង្កាត់ ក្នុងតំណែងទាំងអស់ដែលជាអ្គបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីទទួលបានភាពជាតំណាងរបស់ប្រជាពលរដ្ឋក្នុងការរួមចំណែកតាមដាន និងជំរុញការអភិវឌ្ឍក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។

ជាមួយនេះលោកបណ្ឌិត ក៏បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ សូមចូលរួមគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយបច្ចុប្បន្ន ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអនុវត្តគម្រោងនេះឱ្យបានសម្រេចនាពេល ខាងមុខដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាតិ និង ប្រជាជនកម្ពុជាទាំងមូល។

បើតាមលោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង បានឱ្យដឹងថា ខណ្ឌបឹងកេងកង បេក្ខជនគណបក្សប្រជាជនកម្ពុជាដែល ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ មានចំនួន ៣៤នាក់ ក្នុងនោះពេញសិទ្ធចំនួន១៧នាក់ ស្រី២នាក់ និងបម្រុងមានចំនួន ១៧នាក់៕