(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ទុំខាងនយោបាយ មានការគាំទ្រច្រើនពីស្រ ទាប់មហាជននិងប្រជាជន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ រយៈពេល៧ថ្ងៃកន្លងទៅនេះ។

លោកបណ្ឌិតសភាចារ្យ បានថ្លែងបែបនេះ នៅក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដោយមានសមាជិកចូលរួមចំនួន១០៥២នាក់។

លោកបណ្ឌិតសភាចារ្យ បានកោតសរសើរ និងលើកទឹកចិត្ត លោក លោកស្រី និងបងប្អូនជាក្រុមការងារទាំងប្រធាន និងអនុប្រធានគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលកន្លងទៅនេះ ដោយទទួលបានលទ្ធផលល្អប្រសើរ និងសូមថ្លែងអំណរគុណកងកម្លាំងប្រដាប់អាវុធគ្រប់បណ្តាអង្គភាពដែលបានចូលរួមថែរក្សាការពារសណ្ដាប់ធ្នាប់បានយ៉ាងល្អផងដែរ។ ជាចុងក្រោយលោកបណ្ឌិតសភាចារ្យ ក៏បានអញ្ជើញបងប្អូនដែលមានកាតព្វកិច្ចបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ នេះ។

យោងតាមរបាយការណ៍ដែលអានដោយលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា តាំងពីចាប់ផ្ដើមយុទ្ធនាការឃោសនាថ្ងៃដំបូងរបស់គណបក្សប្រជាជនកម្ពុជា មានអ្នកចូលរួមចំនួន១៨១៤៣នាក់ ដោយមានរថយន្តតូចធំ៨៦០គ្រឿង ម៉ូតូជាង១ពាន់គ្រឿង កង់៩០គ្រឿង ធុងបាស់ចល័ត៥០ឈុត ក្រុមឆៃយ៉ាំ៩វង់។ ចាប់តាំងពីយុទ្ធនាការថ្ងៃទី១៧ រហូតមកថ្ងៃបិទថ្ងៃ២៤ ខែឧសភា ពុំមានបាតុភាព និងបញ្ហាអ្វីកើតឡើងនោះទេ។

ដោយឡែកលោក ឈឹម ចាន់ធន ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា គណបក្សនយោបាយចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុងរបស់ខេត្តកំពង់ឆ្នាំងមាន៥គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។

រយៈពេល៧ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សទាំង៥ បានធ្វើពិធីយុទ្ធនាការឃោសនាបោះឆ្នោតតាមបណ្តាស្រុកក្រុង និងខេត្តរៀងៗខ្លួន តែសកម្មភាពទ្រង់ទ្រាយធំគឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានការប្រមូលផ្ដុំ និងជួបជុំដង្ហែក្បួននៅគ្រប់ទីកន្លែងនិងបានប្រព្រឹត្តទៅប្រកបដោយសន្តិសុខសណ្ដាប់ធ្នាប់ល្អដោយពុំមានបញ្ហាអ្វីកើតឡើងនោះឡើយ៕