(កំពង់ធំ)៖ លោក សួស យ៉ារ៉ា ប្រធានកិត្តិយសក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជំរុញឲ្យអង្គបោះឆ្នោតទាំងអស់រក្សាឲ្យបាននូវ លទ្ធផលបោះឆ្នោត១០០ភាគរយ ដើម្បីគាំទ្រដល់សមាជិកសមាជិកា ជាបេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា។

លោក និងលោកស្រីទាំង២រូប បានថ្លែងដូចនេះនៅក្នុងពិធីចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក អាណត្តិទី៤ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុក។

លោកស្រី ឃួន ឃុនឌី បានថ្លែងទៅកាន់អង្គបោះឆ្នោតទាំងអស់ គឺត្រូវតែមានភាពរឹងមាំម្ចាស់ការលើខ្លួនឯង ព្រមទាំងជឿជាក់លើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដោយមិនត្រូវចាញ់បោកការឃោសនា ឬការគំរាមកំហែងនៃជនអគតិមួយចំនួន ដែលនាំឲ្យមានផលប៉ះពាល់ដល់សតិអារម្មណ៍បងប្អូនបានឡើយ។

លោកស្រីបានបន្តថា «យើងត្រូវមានការប្រុងប្រយ័ត្នឲ្យបានល្អិតល្អន់ ដោយប្រកាន់ជំហររឹងមាំសម្រាប់ការបោះឆ្នោតខាងមុខនេះ។ ជាក់ស្ដែងអង្គបោះឆ្នោតទាំងអស់សុទ្ធតែជាតួអង្គដែលមានសក្តានុពលភាព និងជាអ្នកដឹកនាំ ដល់ឆ្នើមនៅក្នុងសហគមន៍ ជាជនគំរូ ដែលបានយល់ដឹងច្បាស់លាស់ពីនីតិវិធីនៃការបោះឆ្នោត ការគូសសន្លឹកឆ្នោត និងត្រូវក្រើនរំលឹកក្រែងមានការខ្វះខាតដោយប្រការណាមួយពិសេសការគូលើសន្លឹកឆ្នោត យើងត្រូវតែយកសញ្ញាគ្រីស ✓ តែមួយគត់»។

លោក សួស យ៉ារ៉ា បានថ្លែងថា លោកពិតជាមានមោទនភាពក្រៃលែងចំពោះសមាជិកសមាជិកាជាអង្គបោះឆ្នោត ត្រូវធ្វើយ៉ាងណាមិនឲ្យមានការបាត់បង់សន្លឹកឆ្នោតណាមួយបានឡើយ ពីព្រោះវានឹងធ្វើឲ្យបាត់បង់កៅអី នៃបេក្ខភាពរបស់គណបក្សយើង។

លោកសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក នាពេលខាងមុខនេះគណបក្សប្រជាជនកម្ពុជានិងទទួលបានសំឡេងឆ្នោត ១០០%។

លោក សួស យ៉ារ៉ា បានសំណូមពរឱ្យអង្គបោះឆ្នោតទាំងអស់ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ ត្រៀមឯកសារអត្តសញ្ញាណប័ណ្ណ ការថែទាំសុខភាព សុវត្ថិភាពឱ្យបានល្អ ព្រមទាំងជំរុញឲ្យប្រធានបក្សស្រុកត្រូវតែគ្រប់គ្រង ត្រួតពិនិត្យលើមន្ត្រីជាអង្គបោះឆ្នោតឱ្យបានគ្រប់ជ្រុងជ្រោយ៕