(ភ្នំពេញ)៖ លោក Liu Yunguo តំណាងថ្មី របស់អង្គការសុខភាពពិភពលោក (WHO) បានថ្លែងអះអាងថា នឹងបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយ ក្រសួងសុខាភិបាល កម្ពុជា ក្នុងការត្រួតពិនិត្យតាមដាន ជំងឺឆ្លងវីរុស Zika និងជំងឺឆ្លង និងមិនឆ្លងផ្សេងទៀត។
ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងអំឡុងចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រី ក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង នាទីស្ដីការក្រសួង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០១៦នេះ ។
ក្នុងកិច្ចជំនួបសម្ដែងការគួរសមនោះ ភាគីទាំងពីរ បានពិភាក្សាលើកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឲ្យគោលនយោបាយយុទ្ធសាស្រ្ដសុខាភិបាល ក្នុងតំណាក់កាលទី៣ អាចសម្រេចបានទៅតាមផែនការ ។ ក្នុងនោះ WHO បានសម្ដែងការគាំទ្រ និងសម្រចអនុវត្ដន៍គោលដៅអាទិភាពធំៗ ដោយដាក់ស្របជាមួយនឹងក្រសួងសុខាភិបាល ដូចជា ជួយបន្ដតាមដានត្រួតពិនិត្យប្រឆាំងនឹងជំងឺឆ្លង, ជំងឺមិនឆ្លង, បញ្ហាសុខភាពមាតា និងទារក ពិសេសសុវត្ថិភាពនៃសុខភាពជាអន្ដរជាតិ និងបន្ដពង្រឹងនូវកិច្ចសហប្រតិបត្ដិការកាន់តែប្រសើរ។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណដល់ WHO ដែលផ្ដល់កិច្ចសហការល្អ និងផ្ដល់ជំនួយបច្ចេកទេសជាច្រើនកន្លងមក ដែលជួយជំរុញនូវការអភិវឌ្ឍន៍ លើសូចនាករសំខាន់ៗ ដែលធ្វើឲ្យកម្ពុជាយើង បានសម្រេចនូវគោលដៅសហសវត្សរ៍មុនគោលដៅកំណត់។
ជាការឆ្លើយតប លោក Liu Yunguo តំណាងថ្មី របស់អង្គការ WHO បានបញ្ជាក់ពីការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ លើវិស័យសុខាភិបាលនៅកម្ពុជា ពិសេសលោក នឹងខិតខំប្រឹងប្រែង ក្នុងការសហការជាមួយក្រសួងសុខាភិបាលបន្ថែមទៀត។ តំណាងថ្មី របស់អង្គការ WHO បានប្តេជ្ញាថា ចំពោះផែនការសហប្រតិបត្តិការ ជាប្រវត្តិសាស្រ្តឆ្នាំ២០១៦-២០២០ ដែលអនុម័តដោយ WHO ខាងអង្គការនឹងខិតខំប្រឹងប្រែង ធ្វើឲ្យអស់ពីលទ្ធភាព។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) គឺជាស្ថាប័នឯកទេសរបស់អង្គការសហប្រជាជាតិ ដែលមាននាទីជាអាជ្ញាធម៌សហប្រតិបត្តិការអន្តរជាតិ ផ្នែកសុខភាពសាធារណៈ។ អង្គការនេះត្រូវបានបង្កើត ឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៤៨ និងមានទីស្នាក់ការ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕