(ព្រះវិហារ)៖ លោក ព្រហ្ម ផេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងលោក សំ លាងទ្រី អនុប្រធានទី១ក្រុមការងារគណបក្សខេត្តចុះមូលដ្ឋាន ស្រុកសង្គមថ្មី នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី។

នៅក្នុងឱកាសនេះលោក ព្រហ្ម ផេង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ផ្ញើជួនថ្នាក់ដឹកនាំ និងសមាជិកគណបក្សដែលមានវត្តមាននៅទីនេះ ក៏ដូចជាទូទាំងស្រុកសង្គមថ្មី។លោកក៏ថ្លែងអំណរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសង្គមថ្មីនិងមន្ត្រីគណបក្សទាំងអស់ ដែលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយបានយកអស់កម្លាំងកាយចិត្ត សម្ភារ ថវិកា ពេលវេលា សំដៅសម្រេចឲ្យបានជោគជ័យជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។

លោក ព្រហ្ម ផេង បានថ្លែងឱ្យដឹងទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក គឺនៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ ការបន្តជំរុញដំណើរការ អភិវឌ្ឍសង្គមជាតិយើងពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ទោះបីការបោះឆ្នោតនេះជាបោះឆ្នោតអសកល ប៉ុន្តែគឺជាបោះឆ្នោតដែលកើតចេញពីឆន្ទះរបស់ប្រជាជនកម្ពុជា ពិតប្រាកដ ព្រោះថាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុងឧត្តមរបស់ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។

លោកបានបញ្ជាក់ថា ការជ្រើសតាំងបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការប្រកួតប្រជែងយកអាសនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក គឺសម្រាំងយកបុគ្គលដែលមានគុណតម្លៃខ្ពស់ មានសមត្ថភាព និងសីលធម៌ ដើម្បីចូលរួមដឹកនាំស្រុកនិយាយដោយឡែក និងនិយាយជារួមគឺការចូលរួមកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍ និងរីកចម្រើន និងសូមឱ្យអង្គបោះឆ្នោតទាំង២៧រូប ត្រូវគូសឱ្យចំសញ្ញាទេវតា និងធីកឱ្យចំលេខរៀងទី១ ទាំងសន្លឹកឆ្នោតពណ៍ស និងពណ៍បៃតង៕