(សៀមរាប)៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប​ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានជួបសម្តែងការគួរសមនិងសំណេះសំណាលជាមួយឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូ។

លោក Shohrat Zakir បានថ្លែងអំណរគុណចំពោះ លោក អភិបាលខេត្តនិងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចូលជួបសម្តែងការគួរសមនិងសំណេះសំណាលនាពេលនេះ ។ លោក ក៏បានបញ្ជាក់ថា ចិន-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាពនេះបានប្រែក្លាយទៅជាមិត្តដែកថែប ដែលមិនអាចបំបែកបាន និងកាន់តែជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា។

លោក ប្រាក់ សោភ័ណ បានថ្លែងអំណរគុណដល់លោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូដែលបានឆ្លៀតឱកាសអញ្ជេីញជួបសំណេះសំណាលនាពេលនេះ និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ព្រមទាំងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕