(តូក្យូ, ជប៉ុន)៖ តាមរយៈវេទិកា «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុន Nikkei នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញមុខការពារគម្រោងព្រែកជីកហ្វូណនតេជោ ដោយអះអាងថា មិនបង្កផលប៉ះពាល់បរិស្ថាន ឬរំហូរទឹកទន្លេមេគង្គនោះឡើយ។
អំណះអំណាងជាកិច្ចការពារគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ត្រូវបានយកទៅផ្សព្វផ្សាយលើទំព័រសារព័ត៌មាន Nikkei ដ៏ល្បាញល្បីរបស់ជប៉ុនផងដែរ។ https://asia.nikkei.com/Spotlight/The-Future-of-Asia/The-Future-of-Asia-2024/Cambodia-defends-China-backed-canal-project-questioned-by-Vietnam
តាមរយៈវេទិកាខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ព្រែកជីកហ្វូណនតេជោ បង្វែរទឹកពីទន្លេមេគង្គតិចតួចប៉ុណ្ណោះ គឺប្រហែល ០.០៥ភាគរយ។ លោកបានអះអាងទៀតថា វានឹងមិនប៉ះពាល់ដល់តំបន់កសិកម្មខាងក្រោមទន្លេមេគង្គនោះឡើយ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីអត្ថប្រយោជន៍មហាសាលរបស់ព្រែកជីកនេះ រួមមានទាំងការកាត់បន្ថយចម្ងាយដឹកជញ្ជូន ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតទាប និងការកាត់បន្ថយហានិភ័យទឹកជំនន់ភ្លាមៗទាំងនៅកម្ពុជា និងវៀតណាម។
លោក ស៊ុន នាន់ថុល ក៏បានបញ្ជាក់ដែរថា គម្រោងនេះមិនមានជម្លោះណាមួយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមនោះឡើយ។ លោកបានបញ្ជាក់បែបនេះ «រដ្ឋាភិបាលវៀតណាម មិនបានជំទាស់នឹងគម្រោងនេះទេ»៕