(កែប)៖ លោកស្រី ចម និម្មល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប បានអំពាវនាវក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងខេត្ត ដែលជាអង្គបោះឆ្នោត សូមថែរក្សាសុខភាពឲ្យបានល្អ និងគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបន្តថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ។
ការអំពាវនាវបែបនេះខណៈលោកស្រី ចម និម្មល បានចូលរួមជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលបានរៀបចំប្រព្រឹត្តធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
ពិធីនេះមានការចូលរួមពីលោក កែន សត្ថា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប, លោក សំ សារីន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សខេត្តកែប, លោកបណ្ឌិត សោម ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណ:កម្មាធិការគណបក្សខេត្ត ព្រមទាំង លោក- លោកស្រីសមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត សមជិកគណៈកម្មាធិការ គណបក្សខេត្ត បប្រធាន-អនុប្រធានក្រុមការងារចុះជួយក្រុង ស្រុក ឃុំសង្កាត់ ភូមិ និងអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ជាច្រើនរូប។
នាឱកាសនោះលោកស្រី ចម និម្មល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះ សកម្មជន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់ បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ធ្វើឱ្យដំណើរការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន និងយុត្តិធម៌៕