(បាត់ដំបង)៖ លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាត់ដំបង នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីភាព បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ នៅក្រុងបាត់ដំបង ដោយមានការចូលរួមពីសមាជិក សមាជិកាចំនួន២,៥០០នាក់ នៅឯទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក សុខ លូ បានអានសារលិខិត សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជូនដល់សមាជិកទាំងមូល បានស្តាប់ និងយល់ជ្រួបជ្រាបដ៏មានន័យជ្រាលជ្រៅបំផុត និងមតិផ្តាំផ្ញើតាមរយ:លោក សុខ លូ របស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបងជូនដល់សមាជិកទាំងមូលមានប្រសាសន៍ទៅកាន់សមាជិក សមាជិកាគណបក្សទាំងអស់។

លោក សុខ លូ បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺបានសម្រេចនូវស្នាដៃជាប្រវត្តិសាស្ត្រធំៗជាច្រើនធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។

ជាមួយគ្នានោះ លោកប្រធានបានអំពាវនាវដល់អង្គបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ត្រូវមានសតិអារម្មណ៍ ស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងប្តេជ្ញាចិត្តទៅបោះឆ្នោះទាំងអស់គ្នាហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក បន្តទៀត ចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងខេត្តបាត់ដំបង។

លោក សុខ លូ បានក្រើនរំលឹកនិងផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ កុំធ្វើដំណើរទៅឆ្ងាយនិងត្រូវត្រៀមឯកសាររួចជាស្រេចនិងពង្រឹងការថែរក្សាសុខភាពដើម្បីចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៤ខាងមុខនេះឲ្យបានគ្រប់ៗគ្នានិងទទួលបានជោគជ័យ៕