(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានយល់ឃើញថា លោក សេដ្ឋា ថាវីស៊ីន នឹងមិនអាចត្រូវបានដកតំណែងជានាយករដ្ឋមន្រ្តីថៃនោះទេ បើទោះបីជាតុលាការធម្មនុញ្ញនៃប្រទេសថៃ បានសម្រេចទទួលយកញត្តិតវ៉ាមួយ ដែលមានគោលដៅក្នុងការដកហូតតំណែងនាយករដ្ឋមន្រ្តី របស់លោកជុំវិញរឿងតែងតាំងអតីតមេធាវី ដែលធ្លាប់ជាប់ទោសម្នាក់ឱ្យកាន់តួនាទីជារដ្ឋមន្រ្តីក៏ដោយ។
ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News លោកបណ្ឌិត បានលើកឡើងថា លោកយល់ថា លោក សេដ្ឋា ថាវីស៊ីន មិនអាចត្រូវបានដកតំណែងជានាយករដ្ឋមន្រ្តីថៃនោះទេ ដោយលោកសង្កេតឃើញមាន៤ចំណុច ដែលអាចបញ្ជាក់ពីសេណារីយ៉ូនេះ៖
ទី១៖ តុលាការធម្មនុញ្ញថៃបានទុកពេលវេលា១៥ថ្ងៃ ដល់លោក សេដ្ឋា ដើម្បីរកឯកសារនិងភស្តុតាងទុកការពារខ្លួន
ទី២៖ នៅក្នុងនយោបាយថៃជារួម នៅមិនទាន់ឃើញមានអព្យាក្រឹត្យភាព រង្គោះរង្គើនៅក្នុងរដ្ឋាភិបាលចម្រុះនៅឡើយទេ មានន័យថារដ្ឋាភិបាលនេះនៅទទួលបានការគាំទ្រពីគណបក្សចម្រុះនៅក្នុងរដ្ឋាភិបាល ត្បិតតែមានការលាលែងពីតំណែងដោយរដ្ឋមន្រ្តីមួយចំនួនក៏ដោយ
ទី៣៖ មិនមានការខ្វែងគំនិតគ្នា ឬមានការប្រឈមគ្នាខ្លាំងទៅលើផលប្រយោជន៍ពាក់ព័ន្ធជាមួយនឹងពួកយោធា និងគណបក្សភឿថៃនៅឡើយទេ មកដល់ពេលនេះឃើញថានៅមានការត្រូវរូវគ្នា មិនទាន់មានបញ្ហាចម្រោងចម្រាសគ្នានោះទេ
ទី៤៖ ប្រទេសថៃត្រូវការអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញក្រោយស្ថានភាពកូវីដ ដូច្នេះការរូសរើគណៈរដ្ឋមន្រ្តី ឬក៏ការធ្វើឱ្យមានវិបត្តិនយោបាយណាមួយ វាអាចរំខានដល់ដំណើរនៃការស្ដារសេដ្ឋកិច្ចឡើងវិញ ហើយគេអាចមើលឃើញពីជំហររបស់គណបក្សភឿថៃនេះ គឺប្រកាន់យកនយោបាយសម្របសម្រួលជាច្រើន ទើបបេក្ខជនមកពីគណបក្សនេះអាចកាន់តំណែងជានាយករដ្ឋមន្រ្តីបាន ត្បិតគណបក្សនេះមិនមែនជាគណបក្សដែលឈ្នះសន្លឹកឆ្នោត ឈ្នះអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាក៏ដោយ ដែលនេះគឺជាចំណុចសំខាន់មួយដែលយើងអាចមើលឃើញពីទិដ្ឋភាពនយោបាយនៅថៃជារួមដែរ។
លោកបណ្ឌិតបានបន្តថា «ថ្មីៗនេះ ខ្ញុំឃើញមានលោកស្រី យីងឡាក់ ស៉ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានលើកលែងការចោទប្រកាន់ ដែលនេះជាសញ្ញាបញ្ជាក់ពីការបង្រួបបង្រួមគ្នារបស់ថៃ ដើម្បីស្ដារសេដ្ឋកិច្ចក្នុងប្រទេស»។ ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា បានធ្វើការសន្និដ្ឋានជាបឋមបានថា លោក សេដ្ឋា ថាវីស៊ីន មិនអាចត្រូវបានដកចេញពីតំណែងនោះទេ តែយ៉ាងណាក៏ដោយការងារនយោបាយថៃក៏មានការផ្លាស់ប្ដូរលឿនផងដែរ មានតែរង់ចាំមើលបន្តថា តើតុលាការធម្មនុញ្ញថៃមានចំណាត់ការយ៉ាងណាចំពោះរឿងនេះ។
លោកបានបញ្ជាក់បន្ថែមថា តែបើសួរថាតុលាការនេះមានយុត្តាធិការក្នុងការបញ្ចប់មុខតំណែងរបស់នាយករដ្ឋមន្រ្តីទេ ចម្លើយគឺមាន ក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ គឺគេមានយុត្តាធិការច្រើន ហើយកន្លងមកលោកស្រី យីងឡាក់ ក៏ត្រូវបានតុលាការធម្មនុញ្ញថៃបញ្ចប់មុខតំណែងដែរ។
កាលពីពេលថ្មីៗនេះ សមាជិកព្រឹទ្ធសភាថៃមួយក្រុម ដែលបានដាក់ញត្តិតវ៉ាទៅកាន់តុលាការធម្មនុញ្ញថៃ ដើម្បីឱ្យតុលាការពិចារណាដកហូតតំណែងលោក សេដ្ឋា ហើយទន្ទឹមគ្នានោះ ឱ្យព្យួរតំណែងរបស់លោក ជាបណ្តោះអាសន្នសិន ដោយពួកគេបានចោទប្រកាន់ថា ការតែងតាំងលោក Pichit Chuenban កាលពីខែមេសាកន្លងទៅ ឱ្យក្លាយជាសមាជិកនៃគណៈរដ្ឋមន្រ្តីរបស់លោក គឺជាទង្វើរំលោភរដ្ឋធម្មនុញ្ញ។ ទោះបីនៅថ្ងៃព្រហស្បតិ៍នេះ តុលាការធម្មនុញ្ញ បានទទួលយកសំណើនោះក៏ដោយ លោក សេដ្ឋា មិនត្រូវបានព្យួរតួនាទីជានាយករដ្ឋមន្រ្តីឡើយ ដោយនៅរង់ចាំការសម្រេចចិត្ត នាពេលក្រោយទៀតរបស់តុលាការ ក្នុងសំណុំរឿងនេះ៕