(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ លោក ឈួន វិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្ស​ចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុង ពិធីបិទយុទ្ធនាការឃោសនា​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ក្នុងពិធីនោះ ក៏មានការចូលរួមពីលោក ថង សាវុន សមាជិកគណៈកម្មាធិការ​កណ្តាល​គណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី ព្រមទាំងលោក ម៉ែន ង៉ុយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធានគណៈ​កម្មាធិ​ការគណបក្សខេត្ត ព្រមទាំងសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ក៏ដូចជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌល​គិរី​ជាច្រើនរូប។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនេះ លោក ឈួន វិន បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា ក៏ដូចជាសមេ្តចមហាបរវធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកាគណបក្សនៅមូលដ្ឋានទាំងអស់។ លោក ឈួន វិន បានលើកឡើងថា ជានិច្ចកាល សម្តេចតេជោ និង សមេ្តចធិបតី តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ និងបានដាក់ចិត្តកាយនៅជាប់ជាមួយសមាជិក សមាជិកាបក្សគ្រប់កាលៈទេសៈ។

លោកប្រធានក្រុមការងារ បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយតែមួយគត់ ដែលបានដើរតួនាទីស្នូល ក្នុងការសង្គ្រោះជាតិ នាំយកសុខសន្តិភាពពេញលេញ និងអភិវឌ្ឍន៍ជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ ហើយគ្មានគណបក្សណាមួយអាចមកជំនួស តួនាទីគណបក្សប្រជាជនកម្ពុជាបានឡើយ។ គ្រប់កាលៈទេសៈ គណបក្សប្រជាជនកម្ពុជា នៅរួមរស់ជាមួយប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជនជានិច្ច ជាពិសេសបាននាំមកជូនប្រទេសជាតិ និង ប្រជាជនតាមរយៈនយោបាយឈ្នះ-ឈ្នះ មានរយៈពេល២៦ឆ្នាំកន្លងមកហើយ។

ជាមួយគ្នារាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គុទ្ទេសវ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹង និងថាមពល បាននិងកំពុងបន្តខិតខំបំពេញបេសកកម្មបម្រើជាតិ និងប្រជាជនដោយមិនខ្លាចការនឿយហត់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគ វាសនារបស់ប្រទេសជាតិ និងប្រជាជន។

ទន្ទឹមនឹងនេះ លោកប្រធាន បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ គណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា ជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និង ឃុំសង្កាត់នៅទូទាំងខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរីគ្រប់រូប ដែលបានប្រឹងប្រែងសម្រេចសមិទ្ធផលយ៉ាងច្រើន ក្នុងការអភិវឌ្ឍមូលដ្ឋាន ជាប្រយោជន៍របស់ប្រជាជន និងសង្គមជាតិនាពេលកន្លងមក។

សូមបញ្ជាក់ថា នៅខេត្តមណ្ឌលគិរី មានអង្គបោះឆ្នោតសរុបចំនួន១០៧រូប សម្រាប់បោះឆ្នោតជ្រើសរើសប្រឹក្សាខេត្ត ក្រុង ស្រុក ដែលមានសមាជិក​ក្រុមប្រឹក្សាខេត្តចំនួន ១៥អាសនៈ(ស្រី៣រូបឈរឈ្មោះក្រុមប្រឹក្សាខេត្ត) មានសមាជិក​ក្រុមប្រឹក្សាក្រុង ស្រុកទាំង៥ មានអាសនៈសរុបចំនួន ៥៩អាសនៈ (ស្រី៨រូប បាន ឈរឈ្មោះក្រុមប្រឹក្សាក្រុងស្រុក) ដែលជាយន្តការបោះឆ្នោតអសកល ដ៏មានសារៈ​សំខាន់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងពង្រឹងនីតិរដ្ឋនៅកម្ពុជា៕