(ភ្នំពេញ)៖ វាជាសញ្ញាគ្រោះថ្នាក់បំផុត ដែលអាចនឹងកើតមានឡើងក្នុងពេលអនាគតដ៏ខ្លីសម្រាប់គណបក្សប្រឆាំង បើសិនណាជាគម្រោងធ្វើមហាបាតុកម្ម ប្រឆាំងច្បាប់ មិនព្រមបញ្ឈប់ទេនោះ គឺអាចប្រឈមនឹងវិបត្តិធ្ងន់ធ្ងរបន្ថែមពីលើស្ថានភាពបច្ចុប្បន្នដែលកំពុងតែដុនដាប និងរង្គោះរង្គើពីក្បាលដល់ ចុងជើងស្រាប់រួចទៅហើយនោះ។
ការព្រមានរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការត្រៀមកម្លាំងបង្ក្រាបជនល្មើសច្បាប់ សំដៅលើមេដឹកនាំបក្សប្រឆាំង គឺបានបើកផ្លូវឲ្យកងកំលាំងប្រដាប់ អាវុធគ្រប់ប្រភេទ ត្រូវតែអនុវត្តតាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព ដើម្បីកម្ចាត់ចោលការបង្កអសន្តិសុខ អស្ថេរភាព ភាពវឹកវរ ចលាចល និងកលយុគ្គក្នុងសង្គម ខណៈគណបក្សប្រឆាំងនៅតែបន្តផ្គើនឥតឈប់ឈរ និងប្រកូកប្រកាសពីផែនការដឹកនាំធ្វើមហាបាតុកម្ម។
នាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានហើយថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត ចំពោះការធ្វើមហាបាតុកម្ម របស់បក្សប្រឆាំង ហើយក៏នឹងកំទេចចោល កម្លាំងណាក៏ដោយដែលល្មើសច្បាប់»។ បន្ថែមពីលើនេះនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលប្រព័ន្ធផ្សព្វផ្សាយប្រើពាក្យថា «មន្ត្រីជាន់ខ្ពស់ផុតលេខរបស់កម្ពុជា» បានសង្កត់ធ្ងន់ថា ទោះតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទ្រង់ទ្រាយណាក៏ដោយ រាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត ព្រោះនេះជាការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រជាជន និងប្រទេសជាតិ។
ទោះយ៉ាងណាប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ យ៉ាងហ្មឺងម៉ាត់ថា គ្មានដំណោះស្រាយណាដែលអាចរកឃើញ ក្រៅពីតុលាការនោះទេ និងបានព្រមានខ្លាំងៗថា អ្នកដែលមានកំហុស សូមកុំធ្វើខុសតទៅទៀត បើពុំដូច្នោះទេ នឹងនាំផលអាក្រក់ដល់ខ្លួន កំហុសខ្លួនឯងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ បើទោះជានាយករដ្ឋមន្រ្តី មិនបានបញ្ចេញឈ្មោះមេដឹកនាំបក្សប្រឆាំង ដែលកំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់ថា ជានរណាក្តី ក៏គេដឹងថា លោកនិយាយសំដៅទៅលើលោក កឹម សុខា ដែលពេលចុងក្រោយនេះ បានប្រកាសគៀងគរកម្លាំងមហាជន ដើម្បីធ្វើមហាបាតុកម្ម ក្នុងអ្វីមួយដែលលោក កឹម សុខា អះអាងថា ជាការប្រើសិទ្ធិបញ្ចេញមតិ របស់ខ្លួន ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងគោលបំណងផ្លាស់ប្តូរ ប៉ុន្តែបង្កប់ដោយពាក្យថា ចង់ជជែកគ្នាជាមួយបក្សកាន់អំណាច ដើម្បីដោះស្រាយបញ្ហាជាតិ។
សំណួរត្រូវបានចោទសួរថា តើជាទង្វើសមហេតុសមផលដែរឬទេ ? ដែលលោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល ក្រោមបទ «បដិសេធក្នុងការចូលខ្លួន» ក្នុងឋានៈជាសាក្សីនៃសំណុំរឿងសញ្ចារកម្ម ហើយបែរជាព្រមានដឹកនាំ កេណ្ឌកម្លាំងមហាជន ធ្វើមហាបាតុកម្ម ប្រឆាំងនឹងច្បាប់បែបនេះ? គឺវាមិនខុសអ្វីពីពាក្យថា «អ្នកទោស ឬជនល្មើស កំពុងដាក់លក្ខខណ្ឌឲ្យតុលាការ និងស្ថាប័នអនុវត្តច្បាប់» ដូច្នោះដែរ។
វាចម្លែកខ្លាំងណាស់នៅស្រុកខ្មែរ ហើយវាកាន់តែប្លែកខុសគេត្រង់ថា បក្សប្រឆាំងប្រើពាក្យថា សកម្មភាពដែលក្រុមខ្លួនធ្វើ គឺជាស្ថិតក្នុងរបបប្រជាធិបតេយ្យ ប៉ុន្តែពួកគេយល់ខុសត្រង់ថា ប្រជាធិបតេយ្យ ឬនីតិរដ្ឋ មិនមែនបានសេចក្តីថា ទាល់តែបក្សប្រឆាំងមានសិទ្ធិគ្រប់បែបយ៉ាង សូម្បីតែការប្រព្រឹត្តអំពើអានាធិបតេយ្យ បំពានច្បាប់ បង្កភាពវឹកវរចលាចលក្នុងប្រទេសបានស្រេចចិត្តនោះទេ។ រាជរដ្ឋាភិបាល នឹងមិនបណ្តែតបណ្តោយឲ្យប្រទេសដែលកំពុងមានសន្តិភាពនិងស្ថេរភាពនេះ ធ្លាក់ចូលក្នុងគ្រោះថ្នាក់ ឬភ្លើងសង្គ្រាមជាថ្មី តាមរយៈការងាកមកចរចាផ្នែកនយោបាយ ជាមួយពិរុទ្ធជនដែលជាមេដឹកនាំបក្សប្រឆាំងនោះឡើយ។ បើធ្វើដូច្នោះមែន តើចាំបាច់ប្រទេសបង្កើតច្បាប់ និងស្ថាប័នតុលាការមកធ្វើអ្វី?
ពេលវេលា និងបញ្ហាប្រឈមមុខគ្នា កាន់តែឡើងកម្តៅខ្លាំងឡើងៗរវាងក្រុមជនដែល ប្រកាសខ្លួនប្រឆាំងច្បាប់ជាមួយនឹងប្រមុខដឹកនាំរដ្ឋាភិបាលដែលប្តេជ្ញាគោរព អនុវត្តវិធានការណ៍ច្បាប់យ៉ាងហ្មឺងម៉ាត់។ នយោបាយកម្ពុជា បានដើរដល់ផ្លូវផ្សេងគ្នា រវាងក្រុមពីរ គឺក្រុមឧទ្ទាមក្រៅច្បាប់ (បក្សប្រឆាំង) និងការប្រើប្រាស់សិទ្ធិ ក្នុងសមត្ថកិច្ចរបស់ខ្លួន (រាជរដ្ឋាភិបាល) ដើម្បីការពារសុខសន្តិភាព សម្រាប់ប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាជន។
ទោះបីយ៉ាងណាគេបានដឹងថា កម្តៅដែលប្រៀបដូចទឹកជិតពុះ ឬប្រៀបបាននឹងគ្រាប់បែក ហៀបនឹងផ្ទុះនោះ បានផ្តើមចេញពីហេតុផល យ៉ាងច្បាស់លាស់ គឺកើតមានបន្ទាប់ពីលោក កឹម សុខា ប្រកាសប្រឆាំងនឹងសាលក្រមរបស់តុលាការរាជធានីភ្នំពេញ ដែលកាត់ក្តីឲ្បបុគ្គលគាត់មានទោស ហើយភ្លាមៗត្រូវបានលោក កឹម សុខា ច្រឡោតតបតទាំងសម្តីហិង្សា លាយឡំ នឹងការប្រមាថទាំងកំរោលលើរាជរដ្ឋាភិបាល និងស្ថាប័នតុលាការហើយក៏បានកើតឡើងព្រមគ្នាជាមួយការ ប្រកាសផ្ទាល់មាត់ របស់លោក កឹម សុខា ជាពិសេសការចេញ នូវសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ អំពីការប្រើសិទ្ធិធ្វើមហាបាតុកម្មប្រឆាំងនឹង ចំណាត់ការផ្លូវច្បាប់។ នេះហើយជាដើមចម ឬជាឬសគុលពិតនៃបញ្ហា ដែលប្រមុខរដ្ឋាភិបាល ត្រូវតែបង្ខំចិត្តបញ្ចេញសារព្រមានទៅបក្សប្រឆាំងវិញ ពោលគឺបើគ្មានភ្លើងក៍គ្មានផ្សែងដែរ៕
អត្ថបទដោយ៖ បណ្ឌិត ឌីន អាន់ដ្រា