(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងត្រៀមប្រកាសផ្ដល់ជំនួយយោធា ២៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលនឹងរួមមានបញ្ចូលទាំងកាំភ្លើងធំ ១៥៥មីលីម៉ែត្រ គ្រាប់បែកឆ្លាតវៃ យានយន្ដយោធាជាដើម។ នេះបើតាមមន្ត្រីអាមេរិក៣នាក់ ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា។

ក្រុមមន្ត្រីអាមេរិកខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ Reuters​ ទៀតថាកញ្ចប់ជំនួយអាវុធថ្មីនេះដែលអាចនឹងត្រូវបានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) គឺនឹងត្រូវប្រគល់ទៅឱ្យអ៊ុយក្រែន ក្រោមក្របខណ្ឌនៃការប្រើប្រាស់សិទ្ធិអំណាចរបស់ប្រធានាធិបតីអាមេរិក Presidential Drawdown Authority ដែលអនុញ្ញាតឱ្យលោកប្រធានាធិបតី ចូ បៃដិន ផ្ដល់អាវុធឱ្យអ៊ុយក្រែន ក្នុងស្ថានភាពបន្ទាន់ដោយមិនចាំបាច់មានការអនុញ្ញាតពីសភាទាំង២របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សភាទាំង២របស់សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ថវិកា ៩៥ពាន់លានដុល្លារ ហើយក្នុងនោះមាន ៦១ពាន់លានដុល្លារជាជំនួយយោធា សម្រាប់អ៊ុយក្រែន ហើយក្នុងនោះទៀតសោតមានកញ្ចប់ថវិកា ៨ពាន់លានដុល្លារសម្រាប់ប្រធានាធិបតី ប្រើប្រាស់នៅក្រោមសិទ្ធិអំណាចប្រធានាធិបតី Presidential Drawdown Authority៕