(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសឱ្យចូលកាន់មុខតំណែងជាផ្លូវការ អភិបាលនៃគណៈអភិបាលស្រុកវាលវែង នៃខេត្តពោធិ៍សាត់។

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកខាងលើនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំរដ្ឋបាលស្រុកវាលវែង ដោយបានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ក្រុមការងារចុះជួយស្រុក ឃុំ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្រុកទាំង៧ ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

យោងតាមអនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល លេខ២៩៤ អនក្រ.តត ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានសម្រេចផ្ទេរភារកិច្ចលោក វង្ស អេង ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុកវាលវែង ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តពោធិ៍សាត់។

ជាមួយគ្នានោះ ត្រូវបានតែងតាំងលោក ធាង ឡេង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ (អតីតអធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង) ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកវាលវែង នៃខេត្តពោធិ៍សាត់៕