(ភ្នំពេញ)៖ នៅសេនាធិការដ្ឋាន នៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលការងារនិងទិសដៅបន្ត របស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន សមាជិក នៃគណៈកម្មការជាតិ ព្រមទាំង ឧត្តមសេនីយ៍ នាយទាហានជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។
ក្នុងកិច្ចប្រជុំនេះ គឺផ្តោតទៅលើលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងទៅ ចាប់ពីខែមេសាមកដល់ពេលបច្ចុប្បន្ន និងដាក់ចេញនូវទិសដៅបន្ត ដើម្បីដោះស្រាយនិងពង្រឹងប្រសិទ្ធភាពការងារ ដែលជាបញ្ហាប្រឈម ឬការខ្វះចន្លោះ។
សូមរំលឹកផងដែរ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខៈ០៩ សសរ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ បើគិតមកដល់ពេលនេះរយៈ៨ខែ ហើយគណៈកម្មការជាតិ បានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនសម្រេចបាននូវស្នាដៃជាច្រើនដូចជា បានទប់ស្កាត់និងបង្ក្រាបអណាធិបតេយ្យកាប់ឈើខុសច្បាប់ស្ទើរទាំងស្រុង ជាមួយគ្នានោះចាប់បានឈើជាង៧ម៉ឺនម៉ែត្រត្រីគុណ ដែលកំពុងរក្សាទុកជូនគណៈកម្មការដេញថ្លៃលក់ឈើនិងកូនឈើ រៀបចំនីតិវិធីដេញថ្លៃជាសាធារណៈ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខៈ៤៤ សសរ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។
ទោះបីជាការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចយ៉ាងណាក៏ដោយ តាមព័ត៌មានមួយចំនួននៅតែផ្សព្វផ្សាយថា នៅមានការកាប់ឈើ ការដឹកឈើខុសច្បាប់ជាដើម ។ល។ នៅក្នុងកិច្ចប្រជុំ អភិបាលនៃគណៈអភិបាលខេត្តមួយចំនួន បានលើកឡើងអំពីបញ្ហាប្រឈមក្នុងការបង្ក្រាបការដឹកឈើខុសច្បាប់នេះ ដោយការដឹកឈើនេះមានលក្ខណៈជាទ្រុងទ្រាយតួចៗ ដឹកតាមរថយន្តសាំយ៉ុង តាមគោយន្ត ម៉ូតូ... នៅពេលកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបអាចមានគ្រោះថ្នាក់ដោយសារពួកគាត់បើកក្នុងល្បឿនលឿន។
ទន្ទឹមនឹងនោះដែរ ក៏មានឈើមួយចំនួននៅពេលធ្វើការត្រួតពិនិត្យគឺ មានលិខិតអនុញ្ញាតចេញដោយរដ្ឋបាលព្រៃឈើ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចមិនអាចឃាត់បានទេ ព្រោះគណៈកម្មការជាតិបង្ក្រាបតែឈើដែលល្មើសច្បាប់ប៉ុណ្ណោះ។ តាមរបាយការណ៍របស់ខេត្តការបង្ក្រាបចាប់ពីខែមេសាដល់ខែសីហា ឆ្នាំ២០១៦ បានបង្ក្រាប់ការរានដីព្រៃដោយខុសច្បាប់ចំនួន៣ករណី ស្មើនឹងចំនួន២៥ហិចតា និងបង្ក្រាបបទល្មើសការដឹកជញ្ជូនផល អនុផលព្រៃឈើចំនួន២២០ករណី។
ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ប្រធានគណៈកម្មការជាតិ បានដាក់ចេញនូវវិធានការបន្តដូចខាងក្រោម៖ បន្តថែរក្សា ការពារឈើនិងកូនឈើដែលចាប់បានកន្លងទៅ ទុកជូនគណៈកម្មការដេញថ្លៃឈើនិងកូនឈើ, បន្តធ្វើការស្រាវជ្រាវរកឈ្មួញដែលរកស៊ីឈើខុសច្បាប់, បង្កើនការសហការអប់រំដល់ប្រជាពលរដ្ឋដល់ភូមិ ឃុំ ដោយផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីបរិស្ថាន និងអំពីគ្រោះធម្មជាតិបណ្តាលមកពីការបំផ្លិចបំផ្លាញព្រៃឈើ , សុំឱ្យកម្លាំងសមត្ថកិច្ចមូលដ្ឋានពង្រឹងធ្វើការទប់ស្កាត់ការកាប់ឈើ ដឹកឈើនៅក្នុងភូមិសាស្ត្ររបស់ខ្លួន និងបន្តយន្តការនិងវិធានការដែលមានស្រាប់ក្នុងផែនការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ជាពិសេសពង្រឹងកម្លាំងការពារតាមច្រកព្រំដែនតាមបណ្តាខេត្តភាគឦសាននៃប្រទេសកម្ពុជា។