(ក្រចេះ)៖ រទេះរុញចំនួន២០ត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ។ នេះជាការយកចិត្តទុកដាក់របស់ប្រធានក្រុមការងារ និងអភិបាលខេត្តចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសបងប្អូនអ្នកជំងឺដែលមានពិការភាព។

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងការគាំទ្ររបស់លោក នេត្រ ភក្ត្រា ព្រមទាំងលោក វ៉ា ថន ដែលតែងតែគាំទ្រលើកទឹកចិត្ត មន្ត្រីនៃមន្ទីរសុខាភិបាល និងមន្ទីរពេទ្យនានាក្នុងខេត្តយកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាពដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងចូលរួមគាំទ្រសម្ភារផ្សេងៗដើម្បីប្រើប្រាស់តាមតម្រូវការ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណមន្ទីរសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ និងបានកសាងនូវជំនឿទុកចិត្តរបស់ពលរដ្ឋចំពោះ សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ មន្ទីរពេទ្យបង្អែកខេត្តក្រចេះដែលក្នុងមួយថ្ងៃៗ បានទទួលអ្នកជំងឺមកពិគ្រោះ និងទទួលសេវាព្យាបាលជាច្រើននាក់។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បានថ្លែងអំណរគុណសមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៅកម្ពុជាដែលមានលោកស្រី ខា ឡេង ជាប្រធានសមាគម បានផ្តល់ជូននូវទេះរុញនេះដល់ ក្រសួងព័ត៌មាន ដើម្បីចែកចាយបន្តសម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋមានពិការភាព និងជូនដល់មន្ទីរពេទ្យប្រើប្រាស់ដើម្បីជួយសម្រួលដល់អ្នកជំងឺដែលមានពិការភាព ឬពិបាកធ្វើដំណើរ។

លោកបានថ្លែងថា លោកនឹងខិតខំប្រឹងប្រែងបន្ថែមទៀតចូលរួមជាមួយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលដើម្បីលើកកម្ពស់សេវាសុខាភិបាលកាន់តែល្អប្រសើរក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះលោក នេត្រ ភក្ត្រា និងលោក វ៉ា ថន បានចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមកពីស្រុកនានាក្នុងខេត្ត ដែលបានអញ្ជើញមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕