(កំពង់ចាម)៖ បុរសម្នាក់ឈ្មោះ ហុង ដែលបានអះអាងខ្លួនជាមន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ដោយគ្រាន់តែស្ទះឡាននៅក្នុងផ្សារបន្តិចសោះ បានទាញកាំភ្លើងគំរាមប្រជាពលរដ្ឋជាអ្នកធ្វើដំណើរនៅខាងមុខ។ ហេតុការណ៍នេះ កើតឡើងនាម៉ោង៦៖៤០នាទីល្ងាច នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចផ្សារស្គន់ ភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនដំបូងមានបុរសវ័យចំណាស់ម្នាក់ចតឡានក្បែរផ្លូវ ដោយឲ្យចៅស្រីចុះទិញទំនិញមិនដល់២នាទីផង ស្រាប់តែមានបុរសម្នាក់ជិះរថយន្ដមួយគ្រឿង ម៉ាកបាឡែន ពាក់ស្លាកលេខភ្នំពេញ2AL-1061 មកដល់ពីក្រោយ ហើយបញ្ចេញចរិកច្រងែងច្រង៉ាង ស្រែចជេរអ្នកនៅខាងមុខ ហើយបានទាញកាំភ្លើងគំរាមគេឯង ហើយបានអួតខ្លួនថាខ្លួនឈ្មោះ ហុង ជាមន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម មិនតែប៉ុណ្ណោះបុរសនោះបោះសម្ដីថា «អញគ្មានខ្លាចអាណាទាំងអស់»។
សូមជំរាបថា កន្លងមកលោកឧត្តមសេនីយ៍ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម តែងតែអប់រំ ណែនាំដល់មន្ដ្រីក្រោមឱវាទថា ធ្វើយ៉ាងសមត្ថកិច្ចមិនច្រង៉ែងច្រងាងឡើយ ដោយកុំឲ្យមានការប៉ះ ទង្កិចដល់ប្រជាពលរដ្ឋជាដាច់ខាត ប៉ុន្ដែមន្ដ្រីនគរបាលរូបនេះ មិនបានយកសម្ដីរបស់លោកស្នងការទុកក្នុងខ្លួននោះឡើយ បែរជាយកអំណាចមកគំរាមពលរដ្ឋទៅវិញ។