(ភ្នំពេញ)៖ ប្រមុខដឹកនាំកងយោធពលខេមរភូមិន្ទ នៃកម្ពុជាមួយរូប នៅព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបន្តព្រមានខ្លាំងៗទៅលើគណបក្សសង្គ្រោះជាតិថា កងកម្លាំងប្រដាប់អាវុធទាំងអស់បេ្តជ្ញា ទប់ស្កាត់ឲ្យខានតែបាន ប្រសិនបើគណបក្សប្រឆាំងនៅតែបន្តបង្កអំពើបង្កអសន្តិសុខដល់សង្គមតាមរយៈ ការធ្វើមហាបាតុកម្មនៅខាងពេលខាងមុននេះ។
ប្រមុខដឹកនាំកងយោធពលខេមរភូមិន្ទ នៃកម្ពុជាមួយរូប បានថ្លែងប្រាប់អង្គភាព Fresh News ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «បើគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរធ្វើ មហាបាតុកម្មដរាបនោះ កងកម្លាំងប្រដាប់អាវុធទាំងអស់បេ្តជ្ញាទប់ស្កាត់ឲ្យខានតែបាន បើទោះបីស្ថិតក្នុងលក្ខណៈទ្រង់ទ្រាយបែបណាក៏ដោយ មិនអនុញ្ញាតឲ្យធ្វើអ្វីតាមទំនើងចិត្តនោះទេ, ប្រសិនបើហ៊ានសាកមកចុះ»។
ក្រៅពីការព្រមានធ្ងន់ៗពីសំណាក់កងកម្លាំងប្រដាប់អាវុធ, នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសជាផ្លូវការមួយដោយបានប្រកាសថា៖ «កងយោធពលខេមរភូមិន្ទ ប្តេជ្ញាអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទំហំណាក៏ដោយ ដោយនឹងទ្រង់ទ្រាយណាក៏ដោយ កងយោធពលខេមរភូមិន្ទប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ង ធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ»។
ក្រសួងការពារជាតិ «សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសទាំងអស់ សូមកុំចូលរួម ឬក៏ជឿតាមការញុះញង់ពីសំណាក់ជនអគតិបំផ្លាញសេចក្តីសុខ សន្តិភាពរបស់ប្រជាជនដែលកំពុងមានការអភិវឌ្ឍន៍រុងរឿង ក្រោមការដឹកនាំរបស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា»៕