(កណ្ដាល)៖ លោក ចៅ តុល អនុប្រធានទី២ អចិន្ត្រៃយ៍ចុះជួយស្រុកកោះធំ និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត បានអញ្ជើញចុះជួបសំណេះសំណាលអង្គបោះឆ្នោតជាច្រើននាក់ ដើម្បីត្រៀមឆ្ពោះទៅកាន់ការឆោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។

ក្នុងឱកាសជួបសំណេះសំណាលក្នុងកម្មវិធីឃោសនាបោះឆ្នោតរបស់បេក្ខជន ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកកោះធំ ជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ,លោក ចៅ តុល បានផ្ដាំផ្ញើអង្គបោះឆ្នោតទាំងអស់មេត្តាថែទាំសុខភាពឲ្យបានល្អ ថែទាំខ្លួន ការពារសុវត្ថិភាពខ្លួនពិសេសការពារមិនឲ្យបាត់អង្គបោះឆ្នោតរូបណានោះទេ។

លោក ចៅ តុល បន្តថា រយៈពេល៤៥ឆ្នាំ គណបក្សប្រជាជនកម្ពុជា បានដឹកនាំ និងអភិវឌ្ឍន៍ជាតិឲ្យរីកចម្រើន ធំធាត់ ពោរពេញទៅដោយក្ដីសង្ឃឹម ពិសេសបច្ចុប្បន្ន ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឃើញថាប្រទេសជាតិមានការកម្រើកសេដ្ឋកិច្ចឡើងគួរឲ្យកត់សំគាល់ និងពលរដ្ឋមានជីវភាពកាន់តែល្អឡើងៗ។

លោក ចៅ តុល បន្តថា សម្ដេចតេជោ ម៉ោងនេះត្រូវបានចាត់ទុកថាជា «មហារដ្ឋបុរសជាតិ»។ លោកតស៊ូជាង៤០ឆ្នាំទើបយើងមានថ្ងៃនេះ ជួបអស់ហើយភាពជូរចត់។ សមិទ្ធផលធំធេង នឹងលេចចេញឡើងពីព្រែកជីកហ្វូណន ដែលជាស្នាដៃដ៏ធំធេងសម្រាប់ប្រទេសជាតិ កូនចៅខ្មែរតទៅមុខ ដែលព្រែកជីកនេះញ៉ាំងឲ្យកម្ពុជាយើងមានសេដ្ឋកិច្ចកើនឡើងខ្លាំងណាស់ ឈប់ខ្ចីច្រមុះគេដកដង្ហើម។

ក្នុងនោះដែរ ពលរដ្ឋស្រុកកោះធំ ក៏មានសំណាង និងប្រទេសជាតិរីកមុខមាត់ផងដែរ។ គម្រោងនេះ ក៏មិនភ្លេចទេ គឺត្រូវអរគុណឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផងដែរ ដែលលោកខិតខំបង្កើតគម្រោងឲ្យមានព្រែកជីកហ្វូណន សមិទ្ធផលមន្ទីរពេទ្យ ស្តាតកីឡា និងស្ពានជាដើម។

លោក ចៅ តុល សង្ឃឹមថាអង្គបោះឆ្នោតទាំងអស់នឹងបំពេញភារកិច្ចឲ្យបានល្អ បោះឆ្នោតឲ្យត្រូវចំកន្លែង ដើម្បីប្រទេសជាតិយើងរុងរឿងរីកចម្រើនតទៅមុខជាលំដាប់៕