(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ឆ្នាំចុងក្រោយនេះ ការចំណាយលើវិស័យសុខាភិបាលនៅកម្ពុជា មានប្រមាណ៥៧៣លានដុល្លារ កើនជិត៣ដង។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ចូលរួមក្នុងពិធីប្រកាស ដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

បើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន, ការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសុខាភិបាល ក្នុងរយៈពេលជាង៣ទសវត្សរ៍ ចុងក្រោយនេះ មានចំនួនសន្ធឹកសន្ធាប់ ព្រមទាំងបាននិងកំពុង នាំមកនូវវឌ្ឍន- ភាពសំខាន់ជាច្រើន គួរជាទីមោទនៈ។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណាយសរុបលើវិស័យសុខាភិបាលនៅកម្ពុជា ក្នុងឆ្នាំ២០២៣ បានកើនឡើងដល់ ចំនួនប្រមាណ២,២៩៣ប៊ីលានរៀល, សមមូលនឹងប្រមាណ៥៧៣លានដុល្លារអាម៉េរិក, មានកំណើនជិត៣ដង បើធៀបនឹងឆ្នាំ២០១៣ ដែលមានត្រឹមចំនួន៩០៣ប៊ីលានរៀល សមមូលនឹងប្រមាណ២២៦លានដុល្លារអាម៉េរិក»។

ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ជានិន្នាការទៅមុខ, ចំណាយក្នុងវិស័យនេះ នឹងបន្តកើនជាលំដាប់បន្ថែមទៀត, ដោយផ្សារភ្ជាប់នឹងការពង្រឹងប្រសិទ្ធភាព និងស័ក្កិសិទ្ធភាពចំណាយ ព្រមជាមួយនឹងការបង្កើនលទ្ធផលសុខភាពរបស់ប្រជាពលរដ្ឋ។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងទៀតថា តាមរយៈការវិនិយោគលើវិស័យសុខាភិបាល នាពេលកន្លងទៅ, សូចនាករមួយចំនួនបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីវឌ្ឍនភាពនៃដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល រួមមាន៖

(១)៖ ការកើនឡើងកម្រិតសន្ទស្សន៍នៃការគ្របដណ្តប់ សេវាសុខាភិបាលសារវន្ត, ពី២៤% ក្នុងឆ្នាំ២០០០, រហូតដល់៥៨% ក្នុងឆ្នាំ២០២១ (២)៖ ការកើនឡើងជាលំដាប់នៃអាយុរំពឹងរស់របស់ពលរដ្ឋ, ពី៥៩ឆ្នាំ ក្នុងឆ្នាំ២០០០ រហូតដល់៧៦ឆ្នាំ ក្នុងឆ្នាំ២០២១
(៣)៖ ការថយចុះនៃទំហំចំណាយពីហោប៉ៅផ្ទាល់ របស់ប្រជាពលរដ្ឋ លើការថែទាំសុខភាព, ពីប្រមាណ៧០% ក្នុងឆ្នាំ២០០០ មកនៅត្រឹមប្រមាណ៦០% ក្នុងឆ្នាំ២០២០ និង (៤)៖ ការថយចុះនៃអត្រាមរណភាពមាតា និងទារក ដែលក្នុងនោះ, មរណភាពមាតា បានធ្លាក់ចុះពី៤៣៧នាក់ ក្នុងឆ្នាំ ២០០០ មកនៅត្រឹម១៥៤នាក់ ក្នុងឆ្នាំ២០២២ ក្នុងចំណោមទារក១០ម៉ឺន កំណើតរស់ និង មរណភាព ទារកដែលទើបនឹងកើត បានធ្លាក់ចុះពី៣៧នាក់ ក្នុងឆ្នាំ២០០០ មកនៅត្រឹម៨នាក់ ក្នុងឆ្នាំ២០២២ ក្នុងចំណោម១ ០០០កំណើតរស់។

ទន្ទឹមនេះ, សមាសធាតុនៃប្រព័ន្ធគាំពារសុខភាពសង្គម ដែលរួមមាន៖ មូលនិធិសមធម៌ សុខាភិបាល និង របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ក៏ត្រូវបានដាក់ឲ្យអនុវត្ត និងពង្រីកវិសាលភាព ជាបន្តបន្ទាប់។ នេះជាការបញ្ជាក់បន្ថែម របស់ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន៕