(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំការពារជាតិ លើកទី៥ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ (5th Seoul Defense Dialogue «SDD 2016») កិច្ចសន្ទនាការពារជាតិសេអ៊ូល លើកទី៥ ត្រូវបានប្រារព្ធធ្វើនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៨ និងទី៩ ខែកញ្ញា ឆ្នាំ ២០១៦ ដែលកិច្ចសន្ទនាការពារជាតិសេអ៊ូល លើកទី៥ ឆ្នាំ២០១៦ នេះបានប្រព្រឹត្តិក្រោមប្រធានបទ «វិបត្តិសន្តិសុខដ៏ស្មុគស្មាញ ការប្រកួតប្រជែង និង ដំណោះស្រាយ»។
កិច្ចសន្ទនាការពារជាតិសេអ៊ូល លើកទី៥ ឆ្នាំ២០១៦នេះ មានការអញ្ជើញចូលរួមពីសំណាក់អ្នកជំនាញផ្នែកសន្តិសុខ អង្គការសង្គមស៊ីវិល និង មានមន្ត្រី្កការពារជាតិចំនួន៣៤ប្រទេស និងអង្គការអន្តរជាតិសំខាន់ៗចំនួន៥បានចូលរួមក្នុងនោះក៏មាននាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ របស់កម្ពុជា ជាតំណាងក្នុងកិច្ចសន្ទនា បានចូលរួមក្នុងវេទិការពិភាក្សានេះចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ។
ថ្លែងបើកកិច្ចសន្ទនាការពារជាតិសេអ៊ូល លើកទី៥ ឆ្នាំ២០១៦នេះ លោក វ៉ាង អ៊ីនម៉ូ អនុរដ្ឋមន្ត្រីការពារជាតិ សាធារណរដ្ឋកូរ៉េ បានថ្លែងថា៖ កិច្ចសន្ទនាការពារជាតិសេអ៊ូល ( អេស ឌី ឌី) កិច្ចសន្ទនាការពារជាតិសេអ៊ូល បានចាប់ផ្តើមសន្ទនាជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០១២ ដែលបានផ្តួចផ្តើមដោយក្រសួងការពារជាតិ នៃសាធារណរដ្ឋកូរ៉េ ហើយកិច្ចសន្ទនានេះជាកិច្ចសន្ទនាបែបពហុកិច្ចការពារជាតិ។
លោក វ៉ាង អ៊ីនម៉ូ អនុរដ្ឋមន្ត្រីការពារជាតិ ប្រទេសសាធារណរដ្ឋកូរ៉េ បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួបលើកទី៥ នៃកិច្ចសន្ទនាការពារជាតិសេអ៊ូល (អេសឌីឌី) ហើយកិច្ចសន្ទនាក្នុងឆ្នាំនេះ និងបានក្លាយជាវេទិការ ប្រជុំពិភាក្សាវែកញែកដើម្បីរកដំណោះស្រាយអំពីឧបទ្វីបកូរ៉េ និងបញ្ហាពិភពលោកដែលកំពុងតែប្រឈម ជារៀងរាល់ថ្ងៃផងដែល។ កិច្ចសន្ទនាការពារជាតិសេអ៊ូល លើកទី៥ ឆ្នាំ២០១៦ នាពេលនោះបានប្រព្រឹត្តិតាមរបៀបវារៈ នៃសម័យប្រជុំរបស់ខ្លួន ដោយបានធ្វើការពិភាក្សាទៅលើខ្លឹមសារសំខាន់ៗរួមមាន៖
ទប់ស្កាត់ការផលិតអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ដែលកំពុងបង្កើនកំដៅជារៀងរាល់ថ្ងៃ
* បញ្ហាសន្តិសុខដែនសមុទ្រ * បញ្ហាសន្តិសុខតាមប្រព័ន្ធ Internet * កិច្ចប្រតិបត្តិការសន្តិភាព និងភាពជាអ្នកដឹកនាំសន្តិភាព ជាសកលរបស់អង្គការសហប្រជាជាតិ * អំពើហិង្សាភេរវកម្ម និងភាពជ្រុលនិយម និង * អំពីការប្រើប្រាស់បច្ចេកវិទ្យា (ភារកិច្ចនិងការប្រឈម)។
ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមកិច្ចសន្ទនាការពារជាតិ សេអ៊ូល លើកទី៥ នាពេលនោះនាថ្ងៃទី៩ ខែកញ្ញាឆ្នាំ ២០១៦ នៅក្នុងសណ្ឋាគារ ឌឺ វេសស្ទីន ឆូ ស៊ុន (The Westin Cho Sun) នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក៏បានជួបប្រជុំទ្វេភាគីជាមួយ លោក វ៉ាង អ៊ីនម៉ូ ( Hwang Inmoo) អនុរដ្ឋមន្រ្តីការពារជាតិ សាធារណៈរដ្ឋកូរ៉េ ដែលនៅក្នុងជំនួបនោះភាគីទាំងពីរពិភាក្សាគ្នាអំពី MOU រវាងក្រសួងការពារជាតិ ប្រទេសទាំងពីរកម្ពុជា និង សាធារណរដ្ឋកូរ៉េ ពិភាក្សាអំពីការបើកការិយាល័យអនុព័ន្ធយោធាកូរ៉េខាងត្បូង ប្រចាំនៅប្រទេសកម្ពុជា និង បានពិភាក្សាគ្នាផងដែល អំពីដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋកូរ៉េ ទៅកាន់កម្ពុជាក្នុងកំឡុងខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។
បន្ទាប់ពីបានទៅចូលរួមប្រជុំក្នុងកិច្ចសន្ទនាការពារជាតិ សេអ៊ូល លើកទី៥ ឆ្នាំ២០១៦ នៅទីក្រុងសេអ៊ូល អស់រយៈពេល៣ថ្ងៃរួចមក នាយឧត្តមសេនីយ៍ នាង ផាត ក៏ធ្វើមាតុភូមិនិវត្ត៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញប្រកបដោយសុវត្ថិភាព៕