(តូក្យូ, ជប៉ុន)៖ លោក Saito TETSUO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ប្រកាសជួយអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែតំបន់ និងជាមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០។
ការប្រកាសនេះធ្វើឡើងតបតាមសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារនៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំពុងអញ្ជើញជាតំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមសន្និសីទអន្តរជាតិលើកទី២៩ ស្ដីពី «អនាគតរបស់អាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ លោក Saito TETSUO។ ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណមិត្តជប៉ុន ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការកសាងសង្គមសេដ្ឋកិច្ចកម្ពុជា និងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា នៅដើមអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានសម្ពោធ និងបើកការដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ដែលជាជំនួយរបស់មិត្តជប៉ុនជាបន្តបន្ទាប់រួមមាន ផ្លូវជាតិលេខ៥ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក និងគម្រោងបើកការដ្ឋានលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី២ ជំហានទី១។
លោកឧបនាយករដ្ឋមន្ត្រីក៏បានសំណូមពរជប៉ុន ជួយពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុ ឱ្យបានទាន់ពេលវេលា និងជំរុញគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា។
លោករដ្ឋមន្ត្រី Saito TETSUO បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ នឹងជំរុញឱ្យភាគីពាក់ព័ន្ធ ពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ឱ្យបានកាន់តែឆាប់រហ័ស ដើម្បីធានាបានថាគម្រោងការនេះអាចបញ្ចប់តាមផែនការដែលបានគ្រោងទុក។
បន្ថែមពីលើនេះ លោករដ្ឋមន្ត្រីក៏បានបង្ហាញការតាំងចិត្ត នឹងស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យលើសំណើគម្រោងសិក្សាផែនការមេធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ឱ្យបានកាន់តែឆាប់រហ័ស សំដៅអាចឱ្យការសិក្សាគម្រោងនេះអាចចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ៕