(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសុំចិន មើលកម្ពុជា ជាមិត្តដែលគួរឱ្យទុកចិត្ត ព្រមទាំងបញ្ជាក់ប្រាប់មិត្តចិនថា កម្ពុជាមិនផ្លាស់ប្តូរជំហរទំនាក់ទំនងនោះឡើយ ទោះបីមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន លើកបង្ហាញពីជំហរកម្ពុជា ក្នុងទំនាក់ទំនងជាមួយចិន ក្នុងជំនួបជាមួយលោក សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ។
នៅក្នុងជំនួបនេះ លោក សូរ៉ាត ហ្សាគៀរ បានរំលឹកពីចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន ហើយបានគូសបញ្ជាក់ថា ចិន ចាត់ទុកសម្តេចតេជោ គឺជាមិត្តចាស់ដ៏ល្អមួយរូប។
លោក សូរ៉ាត ហ្សាគៀរ បានរំលឹកពីចំណងទំនាក់ទំនងរវាងកម្ពុជា និងចិនយ៉ាងដូច្នេះ «ចំណងមិត្តភាពកម្ពុជា-ចិន ដែលបានបង្កើតជាច្រើនជំនាន់ផ្ដួចផ្ដើមដោយសម្ដេចព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ ជាមួយថ្នាក់ដឹកនាំចិន ហើយត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំចិន និងកម្ពុជាជាបន្តបន្ទាប់រៀងរហូតមក ដោយរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងផ្ដល់នូវភាពរីកចម្រើនឱ្យគ្នាទៅវិញទៅមក»។
មន្ត្រីជាន់ខ្ពស់សភាប្រជាជនចិនរូបនេះ បន្ថែមថា «រហូតមកដល់ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងសម្ដេចតេជោ បានផ្ដួចផ្ដើម និងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងដំណាក់កាលថ្មីប្រកបដោយគុណភាពខ្ពស់។ ភាគីចិន ចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព ហើយគាំទ្រកម្ពុជាយ៉ាងមុតមាំនូវមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមសភាពការណ៍ជាក់ស្ដែង។ ប្រទេសចិន ប្តេជ្ញាសហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ឱ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមក»។
លោក សូរ៉ាត ហ្សាគៀរ ក៏បានប្រកាសពីជំហររបស់ចិនដែរថា ចិន ប្ដេជ្ញាសហការជាមួយកម្ពុជា ធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ។ ភាគីចិន ក៏នឹងខិតខំធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងការធ្វើទំនើបកម្មច្នៃប្រឌិត និងការចែករំលែកបទពិសោធន៍ជាមួយកម្ពុជា លើគ្រប់វិស័យ។
លោក សូរ៉ាត ហ្សាគៀរ ក៏បានបញ្ជាក់ដែរថា ភាគីចិន និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ខិតខំជំរុញការនាំចូលផលិតផលកសិកម្មពីកម្ពុជា ជំរុញការអភិវឌ្ឍន៍ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មផ្លូវថ្នល់ ផ្លូវដែក អគ្គិសនី ប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម។
បន្ថែមពីលើនេះ ចិន ក៏នឹងជំរុញការផ្លាស់ប្ដូរ ប្រជាជន និងប្រជាជនដោយសារឆ្នាំនេះជាឆ្នាំដែលប្រទេសទាំងពីរបានកំណត់ ជាពិសេសជំរុញ វិស័យទេសចរណ៍។ ចិន ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ល្បែងអនឡាញ ការជួញដូរមនុស្ស និងការផ្សព្វផ្សាយព័ត៌មានវិជ្ជមានជាដើម។
សម្ដេចតេជោ ហ៊ុន សែន អរគុណចិន ដែលបានបង្ហាញការប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ។ល។។ សម្តេចតេជោ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទាំងអស់នេះ បានផ្ដល់ប្រយោជន៍ច្រើនដល់កម្ពុជា។
ពាក់ព័ន្ធទំនាក់ទំនងរវាងកម្ពុជា និងចិន សម្ដេចតេជោ បានសុំឱ្យចិនមើលមកកម្ពុជា ជាមិត្តដែលគួរឱ្យទុកចិត្តមួយ ហើយចិន ក៏ត្រូវទទួលយកនូវការពិតមួយ ពីការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែកម្ពុជាពុំមានការផ្លាស់ប្ដូរគោលជំហរក្នុងទំនាក់ទំនងជាមួយចិននោះទេ។
«រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំពង្រឹងទំនាក់ទំនងដែលមានស្រាប់ ឱ្យកាន់តែរឹងមាំថែមទៀតជាមួយគំនិតថ្មីៗ ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមរបស់សម្តេច។
ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ សម្ដេចតេជោ បានអរគុណមិត្តចិន ដែលបានជួយឱ្យកម្ពុជា អាចទប់ទល់នឹងជំងឺនេះបានប្រកបដោយភាពជោគជ័យ។ សម្ដេចតេជោបន្តថា កិច្ចសហប្រតិបត្តិការប្រឆាំងកូវីដ១៩នេះ ពិតជាមានតម្លៃសំខាន់ណាស់សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
សម្ដេចតេជោ ក៏បានកោតសរសើរលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩កន្លងទៅនេះ។ សម្ដេចតេជោ បានចាត់ទុកការជួយរបស់ចិន មិនត្រឹមតែជួយអភិវឌ្ឍក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះនោះទេ តែបានជួយពង្រឹងដល់ឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសុំឱ្យលោក សូរ៉ាត ហ្សាគៀរ ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ប្រធានាធិបតីចិន ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត និងសូមជូនពរឱ្យមានសុខភាពល្អ និងបន្តទទួលបានភាពជោគជ័យជាបន្តបន្ទាប់ទៀត។
ក្នុងជំនួបនេះ លោក សូរ៉ាត ហ្សាគៀរ បានអញ្ជើសម្ដេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន តាមពេលវេលាសមស្របណាមួយនាពេលខាងមុខ។ លោក សូរ៉ាត ហ្សាគៀរ សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន នឹងត្រូវបានជំរុញ និងលើកកម្ពស់ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕