(ភ្នំពេញ)៖ លោក មាស កុសល ពីកូនកសិករមកពីខេត្តកំពត បានរៀនសូត្រទាំងត្រដាបត្រដួស នៅរាជធានីភ្នំពេញ បានក្លាយជាវិស្វករអគ្គិសនីដ៏ជំនាញ ដែលទីផ្សារកំពុងត្រូវប៉ាន់ ក្រោយពីបានបញ្ចប់ជំនាញបច្ចេកទេសអគ្គិសនី នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា «NPIC»។

លោក មាស កុសល ដែលធ្លាប់ដើររកត្រីសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ អំឡុងសិក្សារៀនសូត្រ ដោយសារតែគ្រួសារក្រីក្រគ្មានលទ្ធភាពនោះ បច្ចុប្បន្ន បានក្លាយជាវិស្វករអគ្គិសនី នៅក្រុមហ៊ុន Meng Brother ដោយទទួលបានប្រាក់បៀវត្សន៍ខ្ពស់គួរសម។

បន្ថែមពីនេះ លោក មាស កុសល គូសបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យលោកជ្រើសរើសជំនាញអគ្គិសនី គឺដោយសារតែលោកមានចិត្តស្រលាញ់ និងមើលឃើញពីឱកាស នៃមុខជំនាញមួយនេះ។ ដោយលោកសង្កត់ធ្ងន់ថា ជំនាញនេះ មិនត្រឹមជាជំនាញដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ និងទទួលបានប្រាក់ចំណូលសមរម្យ ប៉ុណ្ណោះទេ ថែមទាំងទទួលបានឱកាសច្រើនថែមទៀតផង។ ជាថ្មីម្ដងទៀត លោក កុសល ក៏បានអំពាវនាវឲ្យយុវជនដទៃ ចាប់យកឱកាសក្នុងការជ្រើសរើសមុខជំនាញណាមួយ ដែលខ្លួនស្រលាញ់ពេញចិត្ត៕