(ភំ្នពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តី សម្រេចស្តីពី ការកែសម្រួលសមាសភាពក្រុមបេសកកម្មស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងទប់ស្កាត់ការកាប់រានទន្ទ្រានដីរដ្ឋ នៅទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពី អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ប្រចាំការនៅលេខាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស, អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ, អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក និងជាប្រធានលេខាធិការដ្ឋាន និងស្នងការនគរបាលរាជធានី-ខេត្តមួយចំនួន។

នៅក្នុងសេចក្តីសម្រេច កែសម្រួលសមាសភាពក្រុមបេសកកម្មស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ បង្ក្រាបបទល្មើស ធនធានធម្មជាតិ និងទប់ស្កាត់ការកាប់រានទន្ទ្រានដីរដ្ឋ មានឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន និងអនុប្រធាន ព្រមទាំងសមាជិកមួយចំនួន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក កឹង ឃន បានគូសបញ្ជាក់អំពីភារកិច្ចដែលត្រូវអនុវត្តដូចខាងក្រោម៖

*កសាងផែនការអនុវត្តជាក់ស្តែង និងរៀបចំយន្តការប្រតិបត្តិការស្របតាមស្ថានភាពភូមិសាស្ត ដែលបានកំណត់

*សហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងគណៈអភិបាលរាជធានី-ខេត្ត ដើម្បីស្រាវជ្រាវស៊ើបអង្កេតសកម្មភាពមុខសញ្ញាសង្ស័យប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងការកាប់រានទន្ទ្រានដីរដ្ឋ សំដៅចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា

*ពង្រឹងកម្លាំងយាមល្បាតនៅតាមច្រកទ្វារព្រំដែន ច្រកមិនផ្លូវការនានា និងចុះទប់ស្កាត់ បង្ក្រាប សកម្មភាពអនាធិបតេយ្យដូចជាៈ ការកាប់ព្រៃឈើ ការដឹកឈើ និងការនាំចេញផល-អនុផលព្រៃឈើ ការចាប់សត្វព្រៃ ការនាំចេញសត្វព្រៃ ការកាប់ទន្ទ្រានយកដីរដ្ឋ និងការរុករករ៉ែដោយខុសច្បាប់នៅទូទាំងប្រទេស

*ចាត់តាំងស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានអំពីរូបភាពសកម្មភាព ប្រភពទីតាំង ដែលមានបញ្ហាមុខសញ្ញាសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ ដើម្បីម្ចាស់ការដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា

*កសាងមហាជនល្អផ្តល់ព័ត៌មានអំពីការស្តុកឈើ ការដឹកជញ្ជូនឈើ ការនាំចេញឈើ ការចាប់ ការនាំចេញសត្វព្រៃ ការជីករុករករ៉ែដោយខុសច្បាប់ និងការកាប់រានទន្ទ្រានដីរដ្ឋ

*ស៊ើបអង្កត កំណត់មុខសញ្ញាមេក្លោង និងបណ្ដាញដែលឃុបឃិតជាខ្សែរយៈក្នុងការប្រព្រឹត្តបទល្មើស ធនធានធម្មជាតិ និងបើកប្រតិបត្តិការចាប់ខ្លួនជនល្មើស ប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ចូន ទៅតុលាការតាមនីតិវិធី

*ទំនាក់ទំនងសហប្រតិបត្តិការជាមួយភាគីវៀតណាម ឡាវ ថៃ ដើម្បីពិភាក្សា និងជួយគាំទ្រក្នុងការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព

*រាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិជាប្រចាំ ដើម្បីស្នើសុំការចង្អុលដឹកនាំបានទាន់ពេលវេលា អនុវត្តភារកិច្ចផ្សេងៗទៀត ដែលអគ្គស្នងការដ្ឋាននគរបាលជាតិប្រគល់ជូន។

លោកបានបញ្ជាក់បន្ថែមថា ក្រុមបេសកកម្មមានសិទ្ធិប្រើប្រាស់មន្ត្រី និងមធ្យោបាយរបស់នាយកដ្ឋាន អង្គភាពក្រោមឱវាទ ហើយកម្លាំងអន្តរាគមន៍ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តពាក់ព័ន្ធ និងអនុប្រធាន សមាជិកនៃក្រុមបេសកកម្ម ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។

ប្រធានក្រុមបេសកកម្មស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជា បង្កើតក្រុមការងារជំនាញតាមភូមិសាស្ត្រជាក់ស្ដែង ដែលមានសមាសភាពមកពីនាយកដ្ឋ អង្គភាពពាក់ព័ន្ធ និងស្នងការដ្ឋានគរបាលខត្តតាមការចាំបាច់ និងសំណូមពរចាំបាច់នៃប្រតិបត្តិការ។

លោកអគ្គស្នងការរងនគរបាលជាតិ បានសង្កត់ធ្ងន់ដល់បណ្តាអង្គភាពជំនាញពាក់ព័ន្ធពេលត្រឡប់ទៅវិញ សូមរាយការណ៍ជូន លោកស្នងការ ឬប្រធានអង្គភាពសាម៉ី ពិសេសខេត្តការដ្ឋានណាដែលជាប់ពាក់ព័ន្ធបទល្មើស៕