(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ​និងលោកឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ​នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៤ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៥​ ដែលជាអំណោយរបស់លោក​ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ អគ្គស្នងការរងនគរបាលជាតិ​ និងលោកជំទាវ​ ហ៊ុន​ ម៉ាណា។ 

លោក​អភិបាលខេត្ត បានថ្លែងនូវក្តីរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារធ្វើការថ្មី នៃប៉ុស្ដិ៍​នគរបាលរដ្ឋបាលឃុំចំនួន៥ រួមមាន៖ នៅស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ និងស្រុករំដួល ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់រួមគ្នា នៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំធ្លក ស្រុកស្វាយជ្រំ នាពេលនេះ។

លោក​បន្តថា​ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៥នេះ គឺជាចំណងដៃ​ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្ដមសេនីយ៍ឯក និងលោកជំទាវ ផ្ដល់ជូនឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការចាំបាច់នៃការប្រើប្រាស់ជាក់ស្ដែង គាំទ្រដល់ការ បម្រើការងាររបស់កងកម្លាំងយើងនៅមូលដ្ឋាន​ ឲ្យកាន់តែខិតខំប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានកាន់ តែល្អប្រសើរប៉ុណ្ណោះទេ​ ប៉ុន្តែជាការរួមចំណែកដ៏ធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវាសាធារណៈ និងសេវាសន្តិសុខ ដែលជាមុំដ៏សំខាន់មួយមានកំណត់ នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១​ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ 

លោកបន្តទៀតថា​ ប៉ុស្តិ៍នគរបាលរដ្ឋបាលគឺជាតួអង្គសំខាន់មួយ ក្នុងចំណោមតួអង្គសំខាន់ទាំង៥ នៅមូលដ្ឋានរួមមាន៖ មេឃុំ ស្មៀនឃុំ ប៉ុស្តិ៍នគរបាល រដ្ឋបាលមណ្ឌលសុខភាព និងមេភូមិ ដែលមានទំនាក់ទំនងផ្ទាល់ និងជិតស្និទ្ធបំផុតទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏ចម្បងផងដែរ នៅក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់យើង។

លោកបានបន្ថែមទៀតថា​ ជាមួយនិងការចូលរួមអបអរសាទរក្នុងឱកាសនេះ លោកសូមថ្លែងនូវការអរគុណយ៉ាង ជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃរបស់ លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ដែលបានចូលរួមជាថវិកាសរុបប្រមាណជា ៧៥.០០០ដុល្លារ សម្រាប់គាំទ្រដល់ដំណើរការសាងសង់ ដើម្បីនាំឲ្យសម្រេចបាននូវសមិទ្ធផល ជាអគារធ្វើការថ្មី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៥របស់យើង និងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការរួមគ្នានាពេលនេះ ដែលជាការចូលរួមចំណែកជាមួយអាជ្ញាធរ និងគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ស្រុក ក៏ដូចជាស្នងការដ្ឋាននគរបាលខេត្ត ក្នុងការគាំទ្រដល់ការបំពេញ ការងាររក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមនៅមូលដ្ឋាន។​

ទន្ទឹមនេះ​ សង្ឃឹមថា អគារធ្វើការថ្មីនេះ ក៏នឹងផ្ដល់នូវកម្លាំងជំរុញទឹកចិត្តដល់កងកម្លាំងនគរបាលមូលដ្ឋានរបស់យើង ឲ្យបន្តកសាងបាននូវស្នាដៃថ្មីៗ ល្អៗថែមទៀតក្នុងបុព្វហេតុ នៃការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសូមខិតខំចូលរួមថែរក្សាសមិទ្ធផលរបស់យើងនេះ ដើម្បីធានាឲ្យការប្រើប្រាស់បានគង់វង្សយូរអង្វែង។

បន្ថែមលើសពីនេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានផ្តាំផ្ញើអាជ្ញាធរពាក់ព័ន្ធ​ កងកម្លាំងគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ត្រូវបន្តបង្ក្រាបបញ្ហាបទល្មើសគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ​ និងល្បែងស៉ីសងជាដើម ក្នុងនោះត្រូវត្រៀមជាប់ជានិច្ចនូវវិធាន អន្តរាគមនជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង​។ ទន្ទឹមនេះសូមឲ្យកងកម្លាំងទាំងអស់ត្រូវតែមានការបេជ្ញាចិត្តខ្ពស់បំផុត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវ ការថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើ៕