(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរចំនួន១១នាក់ ជាអ្នកលក់កណ្ដូប និងចង្រឹត ត្រូវបានសមត្ថកិច្ចថៃដោះលែងឱ្យមានសេរីភាព និងបានត្រឡប់មកលំនៅឋានវិញហើយ បន្ទាប់ពីមានការជួយអន្តរាគមន៍ពីប្រធានប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ព្រមជាមួយនឹងថ្នូរជាប្រាក់ចំនួន ២២០,០០០បាត។
កាលពីថ្ងៃទី១២ ខែកញ្ញាម្សិលមិញ សមត្ថកិច្ចថៃបានចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន៦នាក់ រឿងពួកគាត់ចូលលក់ដូរក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញ ទឹកដីថៃ ហើយថែមទាំងចាប់គ្នាពួកគាត់ចំនួន៥នាក់ទៀត នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។ ខាងសមត្ថកិច្ចថៃបានទារប្រាក់ ៤,៤០០បាត ពីពួកគាត់ក្នុងម្នាក់ ទើបពួកគាត់ធ្វើការបិទផ្លូវយ៉ាងដូច្នេះ ព្រោះខាងសមត្ថកិច្ចថៃទាមទារប្រាក់នេះហួសកម្រិតពេក ណាមួយពួកគាត់លក់តែចង្រិត និងកណ្ដូបនេះ ទទួលបានកម្រៃតិចតូចបំផុត ក្នុងមួយថ្ងៃៗ។
បើតាមការអះអាងពីប្រជាពលរដ្ឋ បានប្រាប់ភ្នាក់ងារ Fresh News ថា មូលហេតុដែលពួកគាត់ធ្វើការតវ៉ាបែបនេះ ដោយសារតែសមត្ថកិច្ចថៃ បានចាប់អ្នកលក់កណ្ដូប ចង្រឹតគ្នាគាត់ ចំនួន១១នាក់។ សមត្ថកិច្ចថៃបានទារប្រាក់ ៤,៤០០បាត សម្រាប់ការដោះលេង និងអនុញ្ញាតឱ្យពួកគាត់អាចលក់ដូរបានក្នុងទឹកដីថៃ ជុំវិញបរិវេណផ្សាររោងក្លឿរ ស្រុកអារញ្ញ។
ប្រជាពលរដ្ឋទាំងនោះ ក៏បានសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា ចុះជួយរកដំណោះស្រាយជូនពួកគាត់។ ឃើញដូច្នោះ លោក ស៊ឹម សំអាត ប្រធានប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ ក៏បានចុះជួយអន្តរាគមន៍ និងសម្របសម្រួលឱ្យក្រុមអ្នកលក់កណ្តូប និងចង្រឹត បើកផ្លូវវិញដើម្បីជៀសពីការកកស្ទះ និងការតានតឹង។
លោក ស៊ឹម សំអាត ប្រាប់ភ្នាក់ងារ Fresh News ថា សមត្ថកិច្ចថៃប្រុងនឹងបញ្ជូនសំណុំរឿងនេះ ទៅកាន់តុលាការថៃ តែលោកបានព្យាយាមសម្របសម្រួល ក្នុងការយោគយល់គ្នាទៅវិញទៅមក ហើយក៏បានជួយដោះលែងអ្នកលក់កណ្តូប ចង្រឹតទាំង១១នាក់នោះ ឱ្យបានត្រឡប់មកកម្ពុជាវិញ ជាថ្នូរថវិការចំនួន ២២,០០០បាត ដែលជាការផាកវិន័យ។
លោកបានបញ្ជាក់ថា ថវិកាចំនួន ២២០,០០០បាត ស្នើនឹង ២,៥៣០,០០០រៀល ជាថវិកាផ្ទាល់ខ្លួនរបស់លោកតែម្តង ដែលជាទឹកចិត្តសម្បុរសធម៌ ក្នុងនាមពលរដ្ឋខ្មែរដូចគ្នា។ មកដល់ពេលនេះ ក្រុមអ្នកលក់ទាំង១១នាក់នោះ ត្រូវបានដោះលែងឱ្យត្រឡប់មកលំនៅឋាន ក្នុងទឹកដីកម្ពុជាវិញហើយ៕