(កំពត)៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានស្នើពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍៣ចំណុចសំខាន់ៗ ដែលជួយធ្វើឱ្យការចុះបញ្ជីដីធ្លីនេះបានលឿន។

៣ចំណុចសំខាន់ៗរួមមាន៖

*ទី១៖ ត្រូវរៀបចំនូវឯកសារ នៃការកសាងបណ្ណ ឯកសារ ដែលពាក់ព័ន្ធនឹងនីតិវិធីនៃការចេញបណ្ណឱ្យបានគ្រប់គ្រាន់ តាមការណែនាំរបស់មន្ត្រីជំនាញ។
*ទី២៖ បងប្អូនដែលជាម្ចាស់ក្បាលដីទាំងអស់ ត្រូវទៅបោះបង្គោលព្រំរបស់ខ្លួនជាមួយអ្នកដែលជាប់ព្រំដីនឹងគ្នា ដើម្បីសម្គាល់ដីរៀងៗខ្លួនឱ្យបានច្បាស់លាស់។
*ទី៣៖ សូមបងប្អូនដែលជាម្ចាស់ដីទាំងអស់ចៀសឲ្យផុតពីបញ្ហាទំនាស់ព្រំដី ដែលជាកត្តាមួយធ្វើឱ្យមានការយឺតយ៉ាវក្នុងដំណើរការអនុវត្តការងារចុះបញ្ជីដីធ្លីនេះ។

ថ្លែងក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

អភិបាលខេត្ត បានស្នើឱ្យពលរដ្ឋមានភាពច្បាស់លាស់ទៅលើព្រំដីរបស់ខ្លួន និងកុំឱ្យមានទំនាស់ដែលអាចធ្វើឱ្យរាំងស្ទះការចុះអនុវត្តរបស់មន្ត្រីជំនាញ។ លោកអភិបាលខេត្តបានជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលជាម្ចាស់ ក្បាលដីទាំងអស់ ដែលនឹងត្រូវធ្វើការវាស់វែងនាពេលខាងមុខ ត្រូវចូលរួមសហការជាមួយមន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឱ្យបានល្អ ដើម្បីពន្លឿននៃការចុះវាស់វែង។

លោក ព្រាប សុផាត ប្រធានស្តីទីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូ នាពេលនេះ មានចំនួន ១១ភូមិ ក្នុងនោះឃុំថ្មីមានចំនួន ៦ភូមិ គឺភូមិត្រសេកកោង, ភូមិត្រពាំងច្រាប, ភូមិថ្មី, ភូមិវត្តពោធិ៍ ភូមិដូនស៊យ និងភូមិគោចិនលែង។

ចំណែកឯឃុំព្រៃថ្នង មានចំនួន ៥ភូមិ គឺភូមិចក្រីទីង, ភូមិព្រៃថ្នង, ភូមិទ្វារថ្មី, ភូមិដំណាក់ហ្លួង និងភូមិច្បារអំពៅ ដែលឃុំទាំងពីរខាងលើនេះមានផ្ទៃដីសរុបចំនួន ១២,០៨១ហិកតា មានក្បាលដីសរុបប្រមាណ ២០,៨៤៦ក្បាលដី ស្មើនឹង ១០,២១២គ្រួសារ ហើយក្រុមការងាររបស់មន្ទីរនឹងធ្វើការចុះវាស់វែង ប្រមូលទិន្នន័យជូនបងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃប្រកាសតំបន់វិនិច្ឆ័យនេះតទៅ៕