(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំធ្វើតេស្តស្វែងរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តក្រោមវត្តមានដឹកនាំដោយលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ។
ការធ្វើតេស្តរកសារធាតុញៀននេះ ធ្វើឡើងដោយលេខាធិការដ្ឋានត្រួតពិនិត្យរកសារធាតុញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ឹម វណ្ណៈ ស្នងការរងនគរបាលទទួលផែនការងារ ប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងនគរបាលជំនាញគ្រឿងញៀនជាច្រើនរូបទៀត។
តាមលទ្ធផលតេស្ត, ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្តឧត្តរមានជ័យ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល មន្រ្តីរាជការ សាលាខេត្ត សរុប១៤១នាក់ ស្រី៤៩នាក់ ជាលទ្ធផលអវិជ្ជមានទាំងអស់។ ដោយឡែកថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលអវត្តមានចំនួន២៤រូប (ស្រី៧រូប) ដោយកំពុងជាប់បេសកកម្ម នឹងត្រូវធ្វើតេស្តនៅសប្តាហ៍បន្ទាប់ទៀត។
នៅក្នុងឱកាសនោះលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានគូសបញ្ជាក់ថា ការរៀបចំតេស្តរកសារធាតុញៀននេះ គឺអនុវត្តតាមបទបញ្ជាលេខ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកលើកកម្ពស់ ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ ក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការងាររួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់៕