(កំពង់ចាម)៖ លោកស្រី ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំសមាជិកាសាខាចូលរួម ពិធីបុណ្យវិសាខបូជា នៅវត្តខេមវ័ន ហៅវត្តបឹងស្នាយ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

បន្ទាប់ពីបានប្រារព្ធពិធីសាសនាតាមលំដាប់លំដោយ ជាប្រពៃណីព្រះពុទ្ធសាសនារួចមក លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ឱ្យដឹងថា ពិធីបុណ្យវិសាខបូជា ប្រារព្ធធ្វើឡើងដើម្បីគោរព រំឭកនឹកគុណ ដល់សម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គទ្រង់ប្រសូត្រ ត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែ ដូចគ្នា ពោលគឺនៅចំថ្ងៃ ១៥កើត ខែពេញបូណ៍មី មានព្រះចន្ទពេញវង់ ក្នុងខែវិសាខនេះឯង។

លោកស្រីអភិបាលរងខេត្ត បានបន្តថា ការអភិវឌ្ឍគ្រប់វិស័យ មានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធិសេរីភាពជាដើមទាំងនេះ ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោអតីតនាយករដ្ឋមន្រី្ត ទើបធ្វើឲ្យមានការអភិវឌ្ឍ ដូចសព្វថ្ងៃ និងធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យសាសនានានា ពិសេសពិធីបុណ្យវិសាខបូជាដ៏ធំសម្បើមនេះ វាខុសពីសម័យសង្គ្រាមគ្មានអ្វីសោះ សូម្បីតែផ្លូវដើរ ជាពិសេសនៅតាមវត្តអារាម គឺបានត្រឹមសម្ងំក្នុងវត្ត គេចពីការទម្លាក់គ្រាប់បែក និងការកាប់សម្លាប់ ជាពិសេសសម័យ ប៉ុល ពត។

ជាមួយគ្នានេះ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា បានអំពាវនាវទៅលោកតា លោកយាយ និងបងប្អូនពុទ្ធបរិស័ទទាំងអស់ សូមចូលរួមថែរក្សាសន្ថិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងឲ្យប្រជាពលរដ្ឋ មានឱកាសពេញលេញប្រារព្ធធ្វើបុណ្យវិសាខបូជា ឬពិធីបុណ្យសាសនាជាច្រើនទៀត នៅលើទឹកដីកម្ពុជា និងចូលរួមថែទាំសុខភាពអោយបានល្អ បង្កើនមុខរបរប្រចាំថ្ងៃឲ្យបានរុងរឿងផងដែរ៕