(សៀមរាប)៖ សហគមន៍ស្រូវនាងអំ នៅខេត្តសៀមរាប កំពុងក្លាយជាសហគមន៍កសិកម្មទំនើបមួយនៅក្នុងប្រទេសកម្ពុជា ហើយកំពុងបង្កើនចំណាប់អារម្មណ៍ ដោយសារសហគមន៍នេះបានអនុវត្តការប្រើប្រាស់បច្ចេកវិទ្យាទំនើបដ្រូន សម្រាប់ការព្រោះស្រូវ នាដើមរដូវវស្សានេះ។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបបែបនេះ ធ្វើឱ្យសហគមន៍ស្រូវនាងអំ ចំណេញពេលវេលា កាត់បន្ថយចំណាយថ្លៃដើម និងកម្លាំងពលកម្មជាដើម។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានសាទរចំពោះសហគមន៍ស្រូវនាងអំ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញដ្រូនសម្រាប់ធ្វើកសិកម្ម ដែលនេះជាបច្ចេកវិទ្យាទំនើបបំផុត រួមជាមួយគំនិតសន្សំសំចៃខ្ពស់របស់សហគមន៍នេះ បើធៀបទៅនឹងការជួលគ្រឿងចក្រ ឬជួលដ្រូនពីគេគឺមានតម្លៃខ្ពស់ជាងនេះ។
លោក ឃឹម ហ្វីណង់ បានលើកឡើងថា៖ «កាលពីមុន បងប្អូនកសិករនៅទីនេះធ្វើស្រែក្នុងទំហំតូចៗរៀងៗខ្លួន ពួកគាត់គ្មានជម្រើសអ្វីក្រៅពីព្រោះដោយដៃ ឬជួលគ្រឿងចក្រ ឬជួលដ្រូនពីគេក្នុងតម្លៃខ្ពស់ឡើយ តែដល់ពេលប្រមូលផ្តុំគ្នាបាន ៨០០ហិកតា ពួកគាត់មិនត្រឹមតែអាចជួលគេបានធូរថ្លៃជាងមុនទេ តែសហគមន៍នេះស្រាប់តែមានលទ្ធភាពទិញដ្រូនទុកប្រើនៅក្នុងសហគមន៍តែម្តង។ បើប្រើប្រាស់បានត្រឹមត្រូវ ដ្រូនមួយនេះអាចមានសមត្ថភាពព្រោះស្រូវបានរហូតដល់ ៧០ហិកតា ក្នុងមួយថ្ងៃ និងអាចប្រើសម្រាប់បាញ់ជី និងបាញ់ថ្នាំទៀតផង ពិតជាមានការសន្សំសំចៃខ្ពស់មែន»។
លោកបានបន្តថា សេដ្ឋកិច្ចមាត្រាដ្ឋាន នៃការបង្កបង្កើនផលរួមគ្នាក្នុងទំហំធំ ធ្វើឱ្យថ្លៃដើមជួលដ្រូនខ្ពស់ជាងថ្លៃទិញដ្រូនទុកប្រើប្រាស់ជាប្រចាំក្នុងសហគមន៍ទៅទៀត នេះហើយគឺជាអត្ថប្រយោជន៍ដ៏សំខាន់មួយ នៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។
កាលពីថ្ងៃទី០៦ ដល់១០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចុះធ្វើទស្សនកិច្ច នៅក្នុងសហគមន៍ស្រូវនាងអំ ខេត្តសៀមរាបផងដែរ។
ការអភិវឌ្ឍវិស័យកសិកម្ម ជាគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងនោះកម្មវិធីនយោបាយចំនួន៣ទៀតពាក់ព័ន្ធនឹងវិស័យកសិកម្មនេះ ត្រូវបានដាក់ឱ្យអនុវត្ត រួមមាន៖ ទី១៖ កម្មវិធីគោលនយោបាយលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន, ទី២៖ កម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ និងទី៣៖ កម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើបជាដើម៕