(ភ្នំពេញ)៖ លោកស្រី ឡុង សូនីតា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំអាយឆា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំអាយឆា លើកទី៣៩ ដែលបានប្រព្រឹត្ត ទៅនៅថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដោយមានការចូលរួមពី តំណាងអាយឆា នៃប្រទេសអាស៊ានទាំងអស់ និងតំណាងប្រទេសទីម័រខាងកើត ក្នុងនាមជាប្រទេសសង្កេតការណ៍។

នៅក្នុងកិច្ចប្រជុំនេះ តំណាងប្រទេសប្រចាំអាយឆាមួយចំនួនបានធ្វើបច្ចុប្បន្នភាពលើការិវឌ្ឍថ្មីៗ រួមមាន៖ ច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន។ បន្ថែមពីនេះ កិច្ចប្រជុំបានពិភាក្សាលើការអនុវត្តកម្មវិធីសកម្មភាពរបស់អាយឆា ដោយផ្តោតលើសិទ្ធិជនមានពិការភាព សិទ្ធិស្ត្រី សិទ្ធិកុមារ ការផ្សព្វផ្សាយ ព័ត៌មានមិនពិត និងព័ត៌មានខុស សិទ្ធិមនុស្សនិងគោលនយោបាយនៅក្នុងតំបន់អាស៊ាន ព្រមទាំងធុរកិច្ចនិងសិទ្ធិមនុស្សជាដើម។ នៅក្នុងនោះផងដែរ អាយឆាក៏បានពិភាក្សាក្នុងការត្រៀមរៀបចំផែនការការងាររយៈពេល ៥ឆ្នាំ ឆ្នាំ២០២៦-ឆ្នាំ២០៣០ របស់ខ្លួន។

ទន្ទឹមនេះ អាយឆាក៏បានពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ២០២៤របស់ខ្លួន សេចក្តីថ្លែងការណ៍របស់ប្រធានអាយឆា និងកម្មវិធីសកម្មភាព របស់អាយឆាឆ្នាំ២០២៥ សម្រាប់ដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ ក្នុងអំឡុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាយឆា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសឡាវ។

អាយឆាបានជួបពិភាក្សាទ្វេភាគីជាមួយតំណាងរបស់ប្រទេសអូស្ត្រាលី ប្រទេសជប៉ុន សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនាពេលអនាគត និងផ្លាស់ប្តូរនូវព័ត៌មាន ក៏ដូចជា៖ ការបន្តគាំទ្រលើសកម្មភាពនិងកម្មវិធីរបស់អាយឆា។ បន្ថែមពីនេះ អាយឆាក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ តំណាងវេទិកាជនមានពិការភាពអាស៊ាន សង្គមស៊ីវិលទទួលបានឋានៈពិគ្រោះយោបល់ជាមួយអាយឆា និងក្រុម ការងារសិទ្ធិបរិស្ថានអាស៊ាន ដើម្បីផ្លាស់ប្តូរយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះលោកស្រី ឡុង សូនីតា បានជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី Joanna Mansfield តំណាងគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាយឆា-កម្ពុជា និងគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី និងផែនការសកម្មភាពកម្មវិធីរបស់អាយឆា-កម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស៕