(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចាត់ទុកការមកវិនិយោគទុនរបស់ ក្រុមហ៊ុនលក់រថយន្ត Great Wall Motor (GWM) របស់ប្រទេសចិន គឺបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងផ្តល់ឱកាសការងារច្រើនដល់ប្រជាជនកម្ពុជា។

ការលើកឡើងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញទស្សនារថយន្ត Great Wall Motor (GWM) នៅអាគារតាំងបង្ហាញរថយន្ត GWM Cambodia មានទីតាំងនៅ ផ្ទះលេខ15z, ផ្លូវលេខ៩៣ (មហាវិថីព្រះមុនីវង្ស) កែងផ្លូវលេខ៤២២ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

GWM គឺជាក្រុមហ៊ុនផលិតរថយន្ត SUV និងភីកអាប់ដ៏ល្បីល្បាញឈានមុខគេមួយនៅលើពិភពលោក។ សក្តានុពលនៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ GWM ត្រូវបានទទួលស្គាល់ជាសកល និងមានការពេញចិត្តពី អតិថិជនជាច្រើន។

រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសំដែងនូវការរីករាយដោយបានឃើញនូវ ប្រភេទរថយន្តថ្មីៗ ទំនើបៗ ជាច្រើនប្រភេទ របស់ក្រុមហ៊ុន Great Wall Motor (GWM) នាំយកមកពីប្រទេសចិន មកលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយប្រភេទរថយន្តខ្លះ ប្រើប្រាស់ដោយថាមពលកកើតឡើងវិញ ដែលជាការចូលរួមចំណែកដល់ការថែរក្សាបរិស្ថាន។

លោកបានជម្រាបជូនថា បច្ចុប្បន្ននេះ កំរិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែល្អប្រសើរ ដែលអាចមានលទ្ធភាពទិញរបស់ប្រើប្រាស់ថ្មីៗ ទំនើប និងទាន់សម័យ។ ដូច្នេះហើយ ក្រុមហ៊ុនលក់រថយន្ត Great Wall Motor (GWM) គួរតែធ្វើការងារលើផ្នែកទំនាក់ទំនងសាធារណៈ មានកិច្ចសហការជាមួយប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ឯកជន និងសមាគមសារព័ត៌មាននានានៅកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយជាភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេសឱ្យទូលំទូលាយតាមបណ្តាញផ្សព្វផ្សាយសង្គម អោយគេបានស្គាល់ពីរថយន្តថ្មី របស់ GWM មានបច្ចេកវិទ្យាទំនើប ដែលជាប្រភេទរថយន្តមានគុណភាព ប្រើប្រាស់ធន សន្សុំសំចៃថវិកាសម្រាប់អ្នកប្រើប្រាស់ ។ ទន្ទឹមនេះ រូបរាង ការរចនារថយន្តទាំងអស់នេះឡើង គឺតម្រូវតាមចំណង់ចំណូលចិត្ត និងការចង់បានរបស់អ្នកប្រើប្រាស់។

តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុនលក់រថយន្ត Great Wall Motor (GWM) បានឱ្យដឹងថា ដោយមើលឃើញពីការរីកចំរើនលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ហើយប្រជាជន មានលទ្ធភាព និងមានតម្រូវការក្នុងការប្រើប្រាស់រថយន្តថ្មីៗ ទើបក្រុមហ៊ុនបាននាំចូលនូវរថយន្តថ្មី ទំនើប ទាន់សម័យ មានគុណភាពខ្ពស់ យកមកលក់នៅក្នុងទីផ្សារ។

ក្រៅពីអាជីវកម្មលក់ឡានក្រុមហ៊ុន Great Wall Motor ដែលមានស្នាក់ការកណ្តាលនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់ បានធ្វើការនាំចេញនូវផលិតផលកសិកម្មពីប្រទេសកម្ពុជា រួមមាន អង្ករក្រអូប គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ដំណាប់មៀន ទៅលក់ក្នុងទីផ្សារប្រទេសអារ៉ាប់។

លោកនេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅក្នុងវិស័យកសិកម្មរបស់កម្ពុជា មានភាពល្បីដូចជា៖ អង្ករ ម្រេច ទុរេន ផ្លែតាងែន ចេក រួមទាំងផលិតផលកសិផលជាច្រើនទៀត ដែលបានកំពុងនាំចេញយកទៅលក់នៅទីផ្សារអន្តរជាតិ។ ដូច្នេះការដែលក្រុមហ៊ុន GWM ធ្វើការកែឆ្នៃផលិតផលកសិកម្មរបស់ប្រជាកសិករខ្មែរ គឺជាការជួយដល់ទីផ្សាររបស់អ្នកដាំដុះកសិផលបានយ៉ាងច្រើន និងបានផ្តល់នូវចំណេះដឹង ជំនាញដល់បងប្អូនប្រជាកសិករខ្មែរ បានយល់ដឹងពីបច្ចេកវិទ្យា ការកែឆ្នៃ ការវេចខ្ចប់រាល់ផ្លែឈើ និងអង្ករ ដើម្បីនាំចេញទៅលក់នៅទីផ្សារក្រៅប្រទេស។

លោករដ្ឋមន្រ្តី បានសំដែងនូវមោទនភាពដែលបានឃើញមានរូបទង់ជាតិ កម្ពុជា បានដាក់នៅលើកញ្ចប់ផលិតផលខ្មែរ យកទៅដាក់លក់នៅទីផ្សារបរទេស ហើយគេបានផ្តល់តម្លៃពីគុណភាពល្អ មានរសជាតិឆ្ងាញ់ ដែលអាចបង្កើតទីផ្សារកាន់តែច្រើនបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី នេត្រ ភក្រ្តា បានស្នើដល់ក្រុមហ៊ុន GWM ជួយពង្រីកទីផ្សារឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីចូលរួមកែឆ្នៃ វិចខ្ចប់នូវផលិតផលរបស់ខ្មែរឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ជាការឆ្លើយតប ក្រុមហ៊ុន នឹងខិតខំប្រឹងប្រែងពង្រឹកទីផ្សារលក់ផលិតផលរបស់កម្ពុជា នៅកាន់ទីផ្សារអន្តរជាតិបានកាន់តែច្រើនបន្ថែមទៀត។

តមកនៅថ្ងៃដដែលនេះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញទៅទស្សនកិច្ច ទីស្នាក់ការក្រុមហ៊ុន OneRoad Group ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយមានការទទួលស្វាគមន៍ពី លោក Kevin Lou នាយកប្រតិបត្តិ និងជាស្ថានិក ក្រុមហ៊ុន One Road Group ព្រមទាំងជាប្រធាន អង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ។ ក្រុមហ៊ុន OneRoad Group (Cambodia) Co., Ltd. ដែល ជាក្រុមហ៊ុន វិនិយោគលើការកែច្នៃកសិផលកម្ពុជា សម្រាប់ការ នាំចេញ និងតាំងយានយន្តដែលអាចមានសមត្ថភាពក្លាយជារោងចក្រដំឡេីងគ្រឿងបង្គុំឡាននាពេលអនាគត ។

បន្ទាប់ពីជួបពិភាក្សាគ្នា និងទស្សនកិច្ចទីតាំងមួយចំនួនរបស់ក្រុមហ៊ុន និងពិនិត្យមើលរថយន្ត Great Wall Motor (GWM) ជាច្រើនគ្រឿងដាក់តាំងបង្ហាញរួចមក លោក Kevin Lou នាយកប្រតិបត្តិ និងជាស្ថានិកក្រុមហ៊ុន One Road Group ព្រមទាំងជាប្រធាន អង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ បានផ្តល់នូវអំណោយជូន ដល់លោក នេត្រ ភក្ត្រា រួមមាន៖ កាតាប កូនសិស្សចំនួនជាង១០០០ ដោយក្នុងកាតាប នីមួយៗ មានបន្ថែមជាសម្ភារៈសិក្សាជាង ១០មុខ រួមទាំងដបដាក់ទឹកផងដែរ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការអរគុណដល់ក្រុមហ៊ុន One Road Group ដែលបានផ្តល់នូវសំភារៈសិក្សាជាច្រើនមុខ រួមទាំងកាតាប និងដបដាក់ទឹក ហើយអំណោយទាំងនេះ នឹងយកទៅចែកជូនដល់កូនៗរបស់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ខាងមុខនេះ ហើយក៏យកទៅចែកជូនដល់កុមារនៅតាមជនបទក្នុងខេត្តក្រចេះ។

គួររំលឹកដែរថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន One Road Group នាំយកអំណោយអង្ករចំនួន២តោន ជូនដល់ក្រសួង សម្រាប់ចូលរួមបម្រើដល់ការងារមនុស្សធម៌ និងសកម្មភាពនានា របស់ក្រសួងព័ត៌មាន៕