(ភ្នំពេញ)៖ ក្រោយជំនួបរវាង ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នៅរសៀលនេះ ភាគីសិង្ហបុរី បានសន្យាថា នឹងបន្តជំរុញការបង្កើនអ្នកវិនិយោគិនសិង្ហបុរី មកវិនិយោគនៅកម្ពុជា ឲ្យកាន់ច្រើនថែមទៀត។
ការលើកឡើង របស់ លោក Michael Tan Keng Siong បានធ្វើឡើងក្រោយពីលោក សំលឹងឃើញថា ទីផ្សារពាណិជ្ជកម្មរបស់កម្ពុជា កំពុងតែរីកចំរើនទៅមុខគួរឲ្យកត់សំគាល់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក ជុំ សន្ទរី បានបន្តថា លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានប្រាប់ឲ្យដឹងថា លោកនឹងជំរុញឲ្យវិនិយោគិនសិង្ហបុរី បង្កើនថែមទៀត ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការបង្កើនវិនិយោគទុន សិង្ហបុរីនៅកម្ពុជា។ ក្រៅពីនោះ ក៏មានការពង្រីកទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា និងវិនិយោគទុន ទេសចរណ៍ផងដែរ។
ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជារូបនេះ ក៏បាន បង្ហាញជំហរចង់បង្កើន កិច្ចទំនាក់ទំនងសហប្រតិបត្តិការលើផ្នែកទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកំពស់សមត្ថភាព របស់មជ្ឈមណ្ឌលបណ្តុះបណ្តាល របស់សិង្ហបុរីនៅកម្ពុជា ចំពោះ មន្រ្តីរាជការ នៅកម្ពុជាជាដើម។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានឆ្លើយតបវិញថា កម្ពុជានៅតែបើកចិត្តទទួលសិង្ហបុរីជានិច្ច មិនថាតែលើផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និងផ្នែកអភិវឌ្ឍជាច្រើនទៀតនោះទេ។ បន្ថែមពីលើនេះ កម្ពុជាក៏បានថ្លែងអរគុណដល់សិង្ហបុរី ជានិច្ចកាល បានបង្ហាញឆន្ទៈ សហការជាមួយកម្ពុជា បានយ៉ាងល្អប្រសើរ លើទំនាក់ទំនងកិច្ចសហប្រតិបត្តិ គ្រប់វិស័យ។
ភាគីកម្ពុជា និងសិង្ហបុរី ក៏បានសន្យាថា នៅពេលខាងមុខ នឹងមានការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចគ្នាទៅវិញមក ឲ្យបានញឹកញាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំថែមមួយកំរិតទៀត៕