(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» គឺបានដាក់ចេញផែនការច្បាស់លាស់ណាស់ ដើម្បីធានាបានថា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនបានគិតគូរពីបញ្ហាសុខភាពរបស់ពួកគាត់នោះទេ។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «នៅក្នុងន័យនេះ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥» ១២ឆ្នាំនេះ គឺបានដាក់ចេញផែនការ និងគោលដៅច្បាស់លាស់ណាស់ ក្នុងការឈានទៅកសាងប្រព័ន្ធថែទាំសង្គមមួយសម្រាប់ប្រជាពលរដ្ឋ ឱ្យបាននូវសេវាថែទាំសុខភាព ហើយឱ្យមានលទ្ធភាព និងធានាថាមិនមានប្រជាជនណាត្រូវបោះបង់ ឬមួយរុញចេញដោយមិនទទួលបានការថែទាំសុខភាពនោះទេ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» បានកំណត់គោលដៅជាក់លាក់ចំនួន៣ រួមមាន៖

ទី១៖ ការពង្រីកវិសាលភាពនៃការគ្របដណ្ដប់សេវាសុខាភិបាល ជាសារវន្ត ឱ្យបានយ៉ាងហោចណាស់ ៨០ភាគរយ នៃប្រជាពលរដ្ឋសរុប ហើយបច្ចុប្បន្ននេះមានជិត៧លាននាក់ ស្មើនឹង៤១ភាគរយនៃប្រជាជនមានលទ្ធភាពគ្របដណ្តប់ដោយប្រព័ន្ធគាំពារសង្គមតាមរូបភាពណាមួយ។ ដូច្នេះ គោលដៅ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» រយៈពេល១២ឆ្នាំនេះ មានប្រជាពលរដ្ឋជិត ១៤លាននាក់ អាចមានលទ្ធទៅរកសេវាសុខាភិបាលនៅជិតពួកគាត់ តាមរូបភាពប្រព័ន្ធគាំពារសង្គម ប័ណ្ណ ប.ប.ស ឬប័ណ្ណសមធម៌ ដែលចំណុចនេះគឺជាកិច្ចសំខាន់របស់រាជរដ្ឋាភិបាល ត្រូវតែអនុវត្ត។

ទី២៖ ការបង្កើនសន្ទស្សន៍គ្របដណ្ដប់សេវាសុខាភិបាលសារវន្ត ឱ្យបានយ៉ាងហោច ៨០ភាគរយ ដោយបានដាក់ចេញសុចនាករច្បាស់លាស់ ដែលជាគោលដៅចាំបាច់ត្រូវធ្វើឱ្យស្របនឹងគោលការណ៍របស់អង្គការអន្តរជាតិ។ ប៉ុន្តែ ដែលសំខាន់គឺការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍនៃការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ធ្វើយ៉ាងណារុញឱ្យដល់ប្រជាពលរដ្ឋជាអតិប្បរមា ក្នុងការទទួលផលចៀសជាង អភិឌ្ឍន៍មកចែកតែមួយក្តាប់តូច ហើយនេះជាគោលដៅធំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។

និងទី៣៖ គឺការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសរុបលើវិស័យសុខាភិបាលនៅជិតផ្ទះ ដែលមានតម្លៃសមរម្យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កាលណាប្រទេសមានការរីកចម្រើនតម្លៃសេវាសុខាភិបាលត្រូវតែឡើងថ្លៃទៅតាមការធ្វើទំនើបកម្មសេវា ប៉ុន្តែត្រូវរកវិធីទប់កុំឱ្យលុយប្រជាពលរដ្ឋចេញពីហោប៉ៅខ្ពស់ពេក។ ហើយលើការពង្រឹង និងធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសុខាភិបាល ទំនើបកម្មឧបករណ៍បរិក្ខារ លើកកម្ពស់គុណភាពថ្នាំ បង្កើនសមិទ្ធផលនៅតាមមូលដ្ឋាន ពង្រឹងក្រមប្រតិបត្តិ ពង្រឹងការកសាងធនធានមនុស្ស និងជំរុញបន្ថែមទៅមូលដ្ឋាន និងលើកទឹកចិត្ត និងផ្ដល់សិទ្ធិឱ្យវិស័យឯកជនក្នុង និងក្រៅប្រទេសចូលរួម។

ផែនទីបង្ហាញផ្លូវនេះ ជាឯកសារមគ្គុទេ្ទសក៍សម្រាប់កំណត់ដំណើរជាយុទ្ធសាស្ត្រ ឆ្ពោះ ទៅ គ.ស.ស. នៅកម្ពុជា ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ តាមរយៈការកំណត់ជម្រើស គោលនយោបាយអាទិភាពសម្រាប់ពង្រឹងប្រព័ន្ធគាំពារសុខភាពសង្គម និងប្រព័ន្ធសុខា ភិបាល ក្នុងទិដ្ឋភាពពហុវិស័យ, ពហុវិមាត្រ និងគ្រប់ជ្រុងជ្រោយ ដោយបង្ហាញទិស ដៅកម្រិតយុទ្ធសាស្ត្រ និងទុកលទ្ធភាពឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តរៀបចំផែនការ ប្រតិបត្តិ លម្អិត ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវនេះ ជាជំហានៗ។ ផែនទីបង្ហាញផ្លូវនេះ ក៏នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយមិនត្រឹមតែផ្តោតលើការពង្រីក វិសាល ភាព នៃការគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមប៉ុណ្ណោះទេ តែថែម ទាំងផ្ដោតផងដែរលើវិមាត្រ ២ទៀត ដែលរួមមានការគ្របដណ្តប់ សេវាសុខាភិបាល សារវន្ត, និងការការពារហានិភ័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានសុខាភិបាល ព្រមទាំង ការ គិតគូរអំពីកត្តាជំរុញគាំទ្រផងដែរ។

ផ្អែកលើសមិទ្ធផលនានាដែលសម្រេចបានកន្លងមក ទាំងក្នុងវិស័យសុខាភិបាល និង ប្រព័ន្ធគាំពារសុខភាពសង្គម ព្រមទាំងការវិភាគស៊ីជម្រៅលើបញ្ហាប្រឈមបច្ចុប្បន្ន និង នាពេលអនាគត, ផែនទីបង្ហាញផ្លូវនេះ បានកំណត់ដំណើរជាយុទ្ធសាស្ត្រ ឆ្ពោះទៅ ការ គ្រប ដណ្តប់សុខភាពជាសកលនៅកម្ពុជា ពីឆ្នាំ២០២៤ ដល់២០៣៥ តាមរយៈការ ដាក់ចេញនូវសកម្មភាពយុទ្ធសាស្ត្រ និងគោលដៅអាទិភាពតាមដំណាក់កាល ក្នុង ទិដ្ឋភាពពហុវិស័យ តាមរយៈការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹង សមត្ថភាពផ្តល់សេវាសុខាភិបាលទាំងសាធារណៈ និងឯកជន សំដៅកាត់បន្ថយឱ្យ បានជាអតិបរមាអត្រាចំណាយពីហោប៉ៅលើការថែទាំសុខភាព និងពង្រឹងប្រសិទ្ធ ភាព ចំណាយសម្រាប់វិស័យសុខាភិបាល៕