(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការបង្កើនទំនើបកម្មសេវាសុខាភិបាល នឹងមិនអាចមានតែនៅភ្នំពេញ និងសម្រាប់អ្នកដែលមានលទ្ធភាពនោះទេ គឺត្រូវតែរុញទៅមូលដ្ឋានជនបទ និងគិតគូរពីលទ្ធភាពឱ្យពលរដ្ឋទទួលបានសេវាសុខាភិបាលដែលមានគុណភាពជាមួយតម្លៃសមរម្យគ្រប់គ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ធ្វើឡើងនៅឱកាសដែលសម្តេចអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២៣ ខែឧសភា ២០២៤នេះ។
សម្តេចធិបតីបានគូសបញ្ជាក់ថា «លទ្ធភាពទទួលបានសេវាសុខាភិបាល ការបង្កើនគុណភាពសុខាភិបាល តែប្រជាជនអត់មានលទ្ធភាពទទួល អត់មានប្រយោជន៍អ្វីនោះទេ អ៊ីចឹងគឺត្រូវធ្វើយ៉ាងណាបង្កើនលទ្ធភាពប្រជាពលរដ្ឋជាពិសេសអ្នក ក្រីក្របំផុត ដើម្បីទទួលបានសេវា មិនអាចប្រមូលផ្តុំបង្កើនទំនើបកម្មនៅតែភ្នំពេញ សម្រាប់តែអ្នកមានលទ្ធភាពនៅក្រុងនោះទេ នៅពេលដែលជនបទមានគម្លាតឆ្ងាយ»។
សម្តេចមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅពង្រឹងការផ្តល់សេវា និងគុណភាពសុខាភិបាលនៅតាមមូលដ្ឋាន ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។ ក្រៅពីការពង្រឹងទៅគុណភាពសុខាភិបាល រាជរដ្ឋាភិបាលក៏យកចិត្តទុកខ្លាំងផងដែរ ទៅលើលទ្ធភាពទទួលបានសេវា តាមរយៈការរុញសេវាសុខាភិបាលឱ្យដល់មូលដ្ឋាន កសាងប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ពង្រឹងពេទ្យបង្អែកខេត្ត ពេទ្យថ្នាក់ជាតិ ទំនើបកម្មសេវា បង្កើនគុណភាពនៃការផ្តល់សេវាប្រភេទធ្ងន់ និងរុញទៅដល់តាមខេត្ត ដែលតាមផែនការរបស់រដ្ឋាភិបាល គឺរៀបចំជាមន្ទីរពេទ្យតំបន់។ ក្នុងដំណាក់កាលដំបូងនេះមន្ទីរពេទ្យតំបន់ ត្រូវបានសាងសង់នៅខេត្តសៀមរាប និងខេត្តកំពង់ចាម។
សម្តេចបានថ្លែងថា ជាមួយគ្នា រាជរដ្ឋាភិបាលក៏គិតគូរទៅលើតម្លៃសមរម្យនៃការផ្តល់សេវា ពោលគឺប្រសិនបើគុណភាពសុខាភិបាលបានរុញទៅដល់មូលដ្ឋានហើយ គឺត្រូវតែគិតអំពីលទ្ធភាពក្នុងការបង់ថ្លៃ ឬមួយក៏ការជួយជ្រុំជ្រែងរបស់រដ្ឋក្នុងកម្រិតណាមួយ។ នេះគឺជាគោលដៅចាំបាច់ ក្នុងការពង្រឹងធនធានមនុស្ស និងសុខភាពជាចម្បង គឺកសាងសេវាសុខភាពដែលមានគុណភាព រុញឱ្យដល់មូលដ្ឋាន និងត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាព នៅក្នុងការទទួលបានដោយមានចីរភាព។
សម្តេចមានប្រសាសន៍ទៀតថា «អ៊ីចឹងទៅលើ បញ្ហាបីនេះ គុណភាព លទ្ធភាពទទួលបានសេវា និងតម្លៃសមរម្យ តើរដ្ឋាភិបាលចេញគោលនិយោបាយអ្វីខ្លះមកហើយ ហើយឥលូវធ្វើអ្វីខ្លះ? ទី១. គុណភាព៖ គុណភាពគឺយើងបានវិនិយោគច្រើនណាស់ក្នុងរយៈពេល៤០ឆ្នាំនេះទៅលើសុខាភិបាល ។ ដូចនៅក្នុងរបាយការណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្ន វិស័យសុខាភិបាលស្ថិតនៅក្នុងវិស័យនាំមុខនៃការចំណាយវិនិយោគរបស់យើង នៅឆ្នាំ២០២៣ យើងកើនដល់ប្រមាណជា២៣០០ប៊ីលានរៀល ស្មើនឹង៥៧៣លានដុល្លារ នៅក្នុងការវិនិយោគនៅក្នុងសុខាភិបាល ហើយក្នុងនោះវាផ្តោតទៅលើការពង្រឹងធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ទំនើបកម្មឧបករបរិក្ខា លើកកម្ពស់គុណភាពថ្នាំ បង្កើនសមិទ្ធផលនៅមូលដ្ឋាន ពង្រឹងក្រមប្រតិបត្តិ ពង្រឹងការកសាងធនធានមនុស្ស និងជំរុញបន្ថែមទៅមូលដ្ឋាន និងលើកទឹកចិត្តនិងផ្តល់សិទ្ធិដល់វិស័យឯកជន នៅក្នុង និងក្រៅប្រទេស។ កិច្ចការទាំងអស់នេះ គឺសំខាន់នៅក្នុងលើកកម្ពស់ទៅដល់សុខាភិបាល»។
ទន្ទឹមគ្នាសម្តេចធិបតី បានថ្លែងអំណរគុណទៅដល់អង្គការដៃគូ និងប្រទេសជាដៃគូដែលបានជួយនៅក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល ហើយកន្លងមករាល់ពេលសម្តេចធិបតីបានជួបជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ពីបណ្តាប្រទេសជាច្រើន និងថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិនានា សម្តេចមិនដែលរំលងឡើយក្នុងការលើកយកវិស័យសុខាភិបាលមកជជែកពិភាក្សា ជាពិសេសពង្រឹងការផ្តល់សេវា និងគុណភាពសុខាភិបាលទៅមូលដ្ឋាន ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ៕