(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការឃាត់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដោយសារតែជនសង្ស័យរូបនេះ បានផ្សាយបំភ្លៃពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើកម្មវិធីជាតិជំនួយសង្គម។

សម្តេចធិបតី ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ការអនុវត្តច្បាប់ចំពោះលោក ស៊ុន ចន្ធី គឺជាការអនុវត្តវិធានការច្បាប់ ដើម្បីការពារភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ បើតាមប្រសាសន៍សម្តេចធិបតី រាជរដ្ឋាភិបាលគាំទ្រសេរីភាពនៃការបញ្ចេញមតិ តែនឹងត្រូវអនុវត្តច្បាប់ចំពោះការបំភ្លៃ ចោទប្រកាន់ និងបង្កើតចលាចលក្នុងសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខំធ្វើចង់ងាប់ មានអ្នកនយោបាយចូលចិត្តបន្តុះបង្អាប់ណាស់។ ស្អីក៏រាជរដ្ឋាភិបាលអាក្រក់ ស្អីក៏គ្មានកំណើត បង្អាប់ក្នុងប្រទេសមិនអស់ចិត្ត ចេញក្រៅប្រទេសបង្អាប់ទៀត ប៉ុន្តែករណីមួយនេះ បង្អាប់តម្លៃរឿងកម្មវិធីបណ្ណក្រីក្ររបស់រាជរដ្ឋាភិបាល។ បង្អាប់មិនកើត ព្រោះប្រជាពលរដ្ឋបានទទួល ប្រជាពលរដ្ឋឱ្យតម្លៃ អីចឹងបង្អាប់លែងអស់តម្លៃ លួចតែម្តង។ គេលួចយ៉ាងម៉េច? គេថា កម្មវិធីនេះ អាក្រក់ណាស់ គេទៅភូតប្រជាពលរដ្ឋវិញ។ គេថា អាហ្នឹងល្អតែរបៀបធ្វើអាក្រក់។ ទៅចោទរដ្ឋាភិបាលថា ប្រកាន់បក្ខពួក ឱ្យតែគ្នាឯង។ សួរ ៤លាន ៧សែននាក់ ឱ្យតែខ្សែបងប្អូន ខ្សែមេភូមិមេឃុំ ចង្វាយខេត្ត ខ្ញុំសួរថាពួកគាត់មានបងប្អូនប៉ុន្មាននាក់? គ្រួសារណា ដល់ល ៤លាន ៧សែននាក់?»

សម្តេចបានបន្តថា «យើងធ្វើគោលនយោបាយសម្រាប់ប្រជាពលរដ្ឋយើង ដោយមិនរើសអើង តែគេមិនត្រឹមតែប៉ុណ្ណឹងទេ គេថា គេបានដោយសារចូលបក្សប្រឆាំង។ រដ្ឋាភិបាលខំធ្វើចង់ងាប់ ដាំ ២០ឆ្នាំ ទម្រាំតែបានផ្លែ ទីបំផុតអ្នកឯងមកលួចហើយ ជេរអ្នកដាំទៀត បោកប្រាស់អ្នកដាំទៀត [...] ហ្នឹងហើយ ដែលមានការប្តឹង និងឃាត់ខ្លួន ស៊ុន ចន្ធី។ អានេះ មិនមែនសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិទេ គឺបោកយកតែម្តង ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីចំណេញនយោបាយ ដោយចេតនា អីចឹងត្រូវប្រឈមជាមួយច្បាប់ទៅ»

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋ៤លាន ៧សែននាក់ ដែលទទួលផលពីកម្មវិធីជាតិជំនួយសង្គម ត្រូវបានអនុវត្តដោយតម្លាភាព មិនមែនអនុវត្តសម្រាប់តែបក្ខពួក ឬសាច់ញាតិ ដូចការមូលបង្កាច់របស់លោក ស៊ុន ចន្ធី លើកឡើងនោះទេ។ សម្តេចធិបតី ក៏បានស្នើមិត្តបរទេសកុំដាក់សម្ពាធរាជរដ្ឋាភិបាលលើការអនុវត្តច្បាប់ ត្រូវប្រាប់ទៅក្រុមប្រឆាំង កុំឱ្យប្រព្រឹត្តខុសច្បាប់។

សូមជម្រាបថា អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការចាប់ខ្លួន លោក ស៊ុន ចន្ធី ពាក់ព័ន្ធនឹងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ការចាប់ខ្លួននេះជាការអនុវត្ត តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយបុគ្គលរូបនេះ បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកបណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមូលបង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ៕