(ភ្នំពេញ)៖ ឆ្លើយតបការប្រកាសធ្វើបាតុកម្មរបស់ គណបក្សសង្រ្គោះជាតិ លោក ឈាង វុន អ្នកនាំពាក្យគណបក្សសំឡេងភាគច្រើននៅក្នុងរដ្ឋសភា បានលើកឡើងថា ការគម្រាមកំហែងដឹកនាំធ្វើបាតុកម្ម ដើម្បីតវ៉ាឲ្យមានការចរចារនយោបាយនោះ គឺមិនអាចទៅរួចទេ ហើយវាជារឿងខុសច្បាប់ធ្ងន់ធ្ងរទៀត។ លោកបានបន្តថា ការជំរុញឲ្យប្រជាពលរដ្ឋ ឬអ្នកគាំទ្រធ្វើបាតុកម្ម ដើម្បីដោះស្រាយបញ្ហាអាស្រូវ និងអំពើអនាចារបុគ្គល គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្ត និងបោកប្រាស់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យតំណាងរាស្រ្តសំឡេងភាគច្រើននៅក្នុងរដ្ឋសភាដដែលរូបនោះ បានមានបន្តបញ្ជាក់ថា ការយកលេសថាមានការគាបសង្កត់ និងធ្វើទុក្ខបុកម្នេញពីគណបក្សប្រជាជនកម្ពុជា គឺមិនពិតទេ ហើយករណីនេះគឺជាអំពើថោកទាបបំផុត ព្រោះលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសង្គម និងនយោបាយរបស់កម្ពុជា រួមទាំងដំណើរការរលូននៃការរៀបចំការបោះឆ្នោត មិនអាចយកទៅគ្របដណ្តប់លើបញ្ហាអ្នកជាប់ទោសបទព្រហ្មទណ្ឌ និងអំពើអាស្រូវ អនាចារ របស់ថ្នាក់ដឹកនាំកំពូលៗនៃគណបក្សសង្គ្រោះជាតិឡើយ។
លោក ឈាង វុន យល់ឃើញថា ការចរចារនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនអាចដោះស្រាយបញ្ហាបុគ្គលសាធារណៈដែលមានទោសព្រហ្មទណ្ឌ និងបុគ្គលសាធារណៈដែលបានប្រព្រឹត្តអំពើរអនាចារ អាស្រូវ សូកប៉ាន់សាក្សីជាដើម នោះឡើយ។ លោកក៏បានស្នើឲ្យ លោក យឹម សុវណ្ណ កៀងគរបាតុករបក្សសង្គ្រោះជាតិ នាំគ្នាជំរុញឲ្យមេដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិ កុំប្រព្រឹត្តឬធ្វើសកម្មភាពដែលអាចនាំឲ្យមានទោសព្រហ្មទណ្ឌ ជាពិសេសកុំឲ្យប្រព្រឹត្តអំពើអាស្រូវ អនាចារ សូកប៉ាន់សាក្សី និងភូតកុហក ដោយមានប្រពន្ធចុង ឬស្រីកំណាន់ផ្សេងៗច្រើន ដែលក្នុងនោះមានទាំងប្រពន្ធចុងយួន។ បើថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិមិនប្រព្រឹត្តកំហុសដូចបានរៀបរាប់ខាងលើទេនោះ ពិតជាមិនអាចកើតមានឡើងនូវបញ្ហាដែលកំពុងកើតមាននេះទេ។
លោក ឈាង វុន សន្និដ្ឋានថា សកម្មភាពខុសច្បាប់ដែល លោក យឹម សុវណ្ណ បានកំពុងនិងជំរុញធ្វើដើម្បីបិតបាំងនិងការពារអំពើខុសច្បាប់របស់មេដឹកនាំនៃគណបក្សសង្គ្រោះជាតិ អាចធ្វើឲ្យគណបក្សសង្គ្រោះជាតិមានបញ្ហាធ្ងន់ធ្ងរចំពោះមុខច្បាប់ ហើយថា គណបក្សសង្គ្រោះជាតិគួរពិនិត្យ និងស្វែងយល់ថែមទៀត អំពីខ្លឹមសារនៃច្បាប់ស្តីពីគណបក្សនយោបាយ៕