(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោក សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មការអចិន្រ្ដៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាព និងប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹង ពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីក្នុងការនាំមកនូវផលប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនទាំងសងខាង។

ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីបានធ្វើឡើងនៅក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជូបពិភាក្សាការងារជាមួយលោក សូរ៉ាត ហ្សាគៀរ នាព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ ២០២៤ នៅវិមានរដ្ឋសភា ខណៈដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់រដ្ឋសភាកម្ពុជា។

លោក សូរ៉ាត ហ្សាគៀរ បានថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភាកម្ពុជា ដែលបានទទួលស្វាគមន៍លោក និងគណៈប្រតិភូប្រកបដោយភាពកក់ក្តៅជាទីបំផុត។ ក្នុងនាមសភាតំណាងប្រជាជនចិនទូទាំងប្រទេស លោកបានចូលរួមអបអរសារជាថ្មី ដែលសម្តេចរដ្ឋសភាធិបតី ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភានៅក្នុងអាណត្តិទី៧នេះ។

អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេស បានកោតសរសើរនិងវាយតម្លៃខ្ពស់ពី ការរីកចម្រើនក៏ដូចជាសោភ័ណភាពទីក្រុង ភាពរួសរាយរាក់របស់ប្រជាជនខ្មែរ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងស្រស់បំព្រងរបស់រាជធានីភ្នំពេញ។

លោកបានគូសបញ្ជាក់ថា ពលរដ្ឋកម្ពុជា បានរស់នៅក្នុងសុខសន្តិភាព ជាមួយក្តីសប្បាយរីករាយ និងការអភិវឌ្ឍរបស់ប្រទេសជាតិកើនឡើងជាលំដាប់។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិន នាពេលនេះ ពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្រ្ដ។ ដំណើរទស្សនកិច្ចនេះបានចូលរួមចំណែកយ៉ាងខ្លាំងដល់ការបន្តពង្រឹង ពង្រីក និងលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និង ”កិច្ចសហប្រតិបត្ដិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៃប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាការរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់មិត្តចិនបានទេ។

សម្តេចរដ្ឋសភាធិបតី មានជំនឿមុតមាំថាស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងជាមួយគ្នាបន្ថែមទៀតក្នុងការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីផ្ដល់ជាផលប្រយោជន៍រួមរបស់ប្រជាជន។ ជាមួយគ្នានេះ សម្តេចបានស្នើភាគីចិនជួយគំាទ្រដល់គម្រោងអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភាកម្ពុជាទៅជារដ្ឋសភាឌីជីថល និងការស្តារហេដ្ឋារចនាសម្ព័ន្ធការិយាល័យតំណាងរាស្រ្តទាំង២៥ខេត្ត រាជធានី។

លោក សូរ៉ាត ហ្សាគៀរ បានគូសបញ្ជាក់ថា រដ្ឋសភាចិនបន្តគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា លើគ្រប់វិស័យ រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម ការនាំចូលកសិផលពីកម្ពុជា វិស័យថាមពល បច្ចេកវិទ្យា សន្តិសុខ អប់រំ សុខាភិបាលជាដើម។

លោកបានសន្យាថានឹងខិតខំជំរុញ លើកទឹកចិត្ត និងផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ដល់អ្នកវិនិយោគ និងប្រជាជនចិន បានបន្តមកបណ្តាក់ទុន និងធ្វើទេសចរណ៍នៅកម្ពុជា។

ជាមួយគ្នានេះ លោកបានគាំទ្រដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិរដ្ឋសភាប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ ការផ្លាស់ប្តូរបទពិសោធគណៈកម្មការជំនាញ ក្រុមមិត្តភាព ក្រុមសមាជិកសភាវ័យក្មេងនិងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម។

ភាគីចិនក៏បានបញ្ជាក់ពីការរង់ចាំទទួលស្វាគមន៍នូវ ព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាពិសេសដំណើរទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ៕