(ភ្នំពេញ) សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសារលិខិតអបអរសាទរចំពោះលោក តូ ឡាំ (Tô Lâm) ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកមិញនេះ។

ក្នុងសារលិខិតនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា សម្ដេចនឹងរង់ចាំធ្វើការជាមួយលោកប្រធានាធិបតី តូ ឡាំ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការរដ្ឋាភិបាល និងសភារវាងប្រទេសនិងប្រជាជនកម្ពុជា-វៀតណាម សំដៅរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់អាស៊ាន។

គួរជម្រាបថា លោក តូ ឡាំ ក្នុងវ័យ៦៧ឆ្នាំ ត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតតែងតាំងជាប្រធានាធិបតីថ្មីជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ ក្នុងការបោះឆ្នោតជាសម្ងាត់នោះដែរ លោក តូ ឡាំ ទទួលបានសំឡេងគាំទ្រពីសមាជិកសភាវៀតណាម៤៧២រូប ក្នុងចំណោមសមាជិកសរុប៤៧៣រូប។ មុនក្លាយជាប្រធានាធិបតីនេះ លោក តូ ឡាំ គឺជារដ្ឋមន្រ្តីសន្តិសុខសាធារណៈ នៃប្រទេសវៀតណាម៕