(ឧត្តរមានជ័យ)៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពីបុរសរូបនេះ បានលួងលោមរួមភេទជាមួយក្មេងស្រីជាអនីតិជនម្នាក់ រហូតមានផ្ទៃពោះជាង១ខែ។

មន្ត្រីអាវុធហត្ថស្រុកត្រពាំងប្រាសាទ មួយរូបបានថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះថា ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ក្រូច ផាត ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិដីក្រហម ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

មន្ត្រីអាវុធហត្ថដដែល បានថ្លែងប្រាប់ទៀតថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺយោងតាមពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះ ឈ្មោះ វ៉ែន សំណាង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ដែលបានប្តឹងជនសង្ស័យ ពីបទរំលោភសេពសន្ធៈវៈកូនស្រីរបស់គាត់ដែលជាអនីតិជនឈ្មោះ ស. ស.ន រហូតមានផ្ទៃពោះ ០១ខែកន្លះ។

បើតាមការឲ្យដឹងពីមន្ត្រីអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដោយដកស្រង់សំដីម្តាយក្មេងស្រីរងគ្រោះថា ករណីរំលោភនេះកើតឡើងតាំងពីឆ្នាំ២០២២ម្លេះ ស្របពេលដែលក្មេងស្រីរងគ្រោះ ទើបតែអាយុ១២ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែដោយសារឃើញអាការៈកូនស្រីប្លែក ម្តាយជជីកសួរតែកូនស្រីមិនប្រាប់ទេ ដោយសារខ្លាចការគម្រាមរបស់ជនសង្ស័យ ទើបធ្វើឲ្យម្តាយប្រើចិត្តសាស្ត្រថា បើមិនប្រាប់ទេ និងនាំទៅឲ្យប៉ូលីសសួរ ប្រយ័ត្នខ្មាស់គេ ដោយសារខ្លាចខ្មាស់គេ ទើបក្មេងស្រីរងគ្រោះប្រាប់ម្តាយពីដំណើររឿងទាំងអស់ ទើបធ្វើឲ្យម្តាយឪពុកក្មេងស្រីរងគ្រោះរូបនេះដាក់ពាក្យប្តឹង រហូតឈានដល់ចាប់ខ្លួនជនសង្ស័យបាន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការទៅតាមច្បាប់៕