(ភ្នំពេញ)៖ ដើម្បីជាការស្វាគមក្នុងពិធីបុណ្យហាជជមុស្លិម ទូទាំងសកលលោក ក៏ដូចជានៅកម្ពុជាផងដែរនោះ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សហការជាមួយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា តែងតែបានទទួលអំណោយមនុស្សធម៍ជាគោ ប្រគល់ទៅកាន់គ្រប់ខេត្ត ក្រុង ដែលជាជំនួយមកពីប្រទេសម៉ាឡេស៊ី ទួរគី និងប្រទេសឥស្លាមផ្សេងៗទៀត។
ជាក់ស្តែងសម្រាប់ឆ្នាំ១៤៣៧ មូហាំម៉ាត់សាគរាជ ត្រូវនឹងឆ្នាំ២០១៦នេះ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សហការជាមួយនឹងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានទទួលអំណោយជាគោចំនួនប្រមាណជិត២០០០ក្បាល និងពពែប្រមាណ៥០០ក្បាល គិតជាទឹកប្រាក់ប្រមាណ១លានដុល្លា ដែលទទួលបានមកពីបណ្តាអង្គការ ម្ចាស់ជំនួយធំជាងគេ គឺប្រទេសម៉ាឡេស៊ី។ ក្នុងចំណោមស្ថិតិខាងលើនេះ ដែរអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សហការជាមួយសមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា បានទទួលគោ២២០ក្បាលពីមូលនិធិ Turkey Diyanet ប្រទេសទួរគី ដើម្បីចែកចាយដល់ប្រជាជនក្រីក្រទៅតាមបណ្តាខេត្តក្រុង។
លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមរាជរដ្ឋាភិបាល និងជាប្រធានអង្គការមូលនិធិ អភិវឌ្ឍន៍មុស្លិមកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ បានថ្លែងក្នុងពិធី ប្រគល់សាច់គោ ដែលធ្វើឡើងនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងមានការចូលរួមពីតំណាងភូមនានា នៃខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម រាជធានីភ្នំពេញ និងតំបន់ជុំវិញ ថា ការចែកសាច់ជូនជនក្រីក្រ ក្នុងពិធីបុណ្យហាជ ជាអំពើកុសល្យដ៏ប្រពៃ ក្នុងពិធីបុណ្យមួយនេះ ខណៈដែលមុស្លិមរាប់លាននាក់ ដែលមានលទ្ធភាពទៅប្រារព្ធពិធីបុណ្យហាជ នៅក្រុងម៉ាកាស់ ប្រទេសអារ៉ាប៊ីសាអូឌីតឯណោះ គ្រប់ៗគ្នា រួមទាំងសាសនិកកម្ពុជា៨០០នាក់ផងដែរ ក៏ត្រូវបរិច្ចាកសត្វពពែមួយក្បាល សម្រាប់ផ្តល់ជូនជនក្រក្រ នៅក្នុងថ្ងៃបុណ្យរ៉យ៉ាហាជ។
លោកប្រធានអង្គការមូលនិធិ អភិវឌ្ឍន៍មុស្លិមកម្ពុជា បន្តថា ពិធីចែកសាច់ជូនជនក្រីក្រនេះ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នឹងបន្តចែករហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
ជាមួយគ្នានោះដែរ លោកបានសម្ដែងការ កោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែបង្កភាពងាយស្រួល ដល់ប្រជាជាតិរបស់ខ្លួន និងការនាំអំណោយមនុស្សធម៍នានា ពីបណ្តាសប្បុរសជនក្រៅប្រទេស មិនតែប៉ុណ្ណោះ ក្នុងពិធីបុណ្យហាជជឆ្នាំ២០១៦នេះ ដោយកិច្ចអន្តរាគម របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រួលដល់ការងារចេញទិដ្ឋាការ របស់សាសនិក ដែលទៅប្រារព្វពិធីបុណ្យហាជឆ្នាំនេះ បានគ្រប់ចំនួន ដោយគ្មានបុគ្គលមានការរាំងស្ទះក្នុងការទទួលទិដ្ឋាការឡើយ។
បន្ថែមពីនេះ លោកអូស្មាន ហាស្សាន់ ក៏បានថ្លែងអំណរគុណ ដល់បណ្តាសប្បុរសជនអន្តរជាតិ ក៏ដូចជាមូលនិធិ Tukey Diyanet ដែលតែងតែ សហការរាល់សកម្មភាពមនុស្សធម៍នានា ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដើម្បីចូលរួមលើកស្ទួយ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕