(ភ្នំពេញ)៖ លោក សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន ប្រកាសប្រឹងប្រែងធ្វើការជិតស្និទ្ធជាមួយសភាកម្ពុជា ក៏ដូចជាមន្ត្រីរដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ស្របតាមស្មារតីនៃចំណងទំនាក់ទំនងដ៏ស៊ីជម្រៅនៃប្រទេសទាំងពីរ។
មន្ត្រីជាន់ខ្ពស់សភាប្រជាជនចិន បានគូសរំលេចបែបនេះ ក្នុងពេលដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ លោក សូរ៉ាត ហ្សាគៀរ ជម្រាបសម្តេចធិបតីពីការកត់សម្គាល់របស់លោកពេលទស្សនកិច្ចនៅកម្ពុជា គឺបានមើលឃើញថា កម្ពុជា ជាពិសេស រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ស្អាត។
លោកអនុប្រធានគណៈកម្មាធិការអិចន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ក៏បានជម្រាបសម្តេចធិបតីអំពីលទ្ធផលនៃជំនួបប្រកបដោយផ្លែផ្កាជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាផ្នែកនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ បន្ថែមពីលើនេះ លោក សូរ៉ាត ហ្សាគៀរ ក៏បានបញ្ជាក់ថា ចិន-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាពរវាងប្រទេសទាំងពីរ បានប្រែក្លាយទៅជាមិត្តដែកថែប ដែលមិនអាចបំបែកបាន និងកាន់តែជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ ប្រកបដោយគុណភាព កម្រិត និងស្ដង់ដារខ្ពស់ផងដែរ។
លោក សូរ៉ាត ហ្សាគៀរ ក៏បានជម្រាបសម្តេចធិបតីផងដែរថា ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានាពេលនេះ គឺដើម្បីរួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះលោក សូរ៉ាត ហ្សាគៀរ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចពិភាក្សារវាងសម្តេចមហារដ្ឋសភាធិការធិបតី និងលោក សូរ៉ាត ហ្សាគៀរ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ដែរថា ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន រយៈពេលជិត ៧០ឆ្នាំ ប្រទេសទាំងពីរបានពង្រឹង និងពង្រីកទំនាក់ទំនងក្លាយជាមិត្តដែកថែប ព្រមទាំងបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
សម្តេចធិបតី បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
មុននឹងបញ្ចប់កិច្ចពិភាក្សានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សូរ៉ាត ហ្សាគៀរ ក៏បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ ទេសចរណ៍ អប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា ពង្រីកការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅប្រទេសចិន ពង្រឹងកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ព្រមទាំងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងសកលលោកផងដែរ៕