តួកគី ដាក់សំណើម្តងទៀតឲ្យអាមេរិកបញ្ជូនលោក Fethullah Gulen ត្រឡប់មកតួកគីវិញ ដើម្បីទទួលទោសក្នុងករណីរដ្ឋប្រហារ
13-09-2016 18:00
(អ៉ីស្តង់ប៊ុល)៖ តួកគី បានដាក់សំណើជាផ្លូវការ ម្តងទៀតហើយទៅកាន់អាមេរិក ដើម្បីធ្វើការចាប់ខ្លួន បុព្វជិតសញ្ជាតិតួកគី ដែលកំពុងស្នាក់នៅក្នុងសហរដ្ឋអាមេរិកលោក Fethullah Gulen ពីបទរៀបចំ និងបំផុសឲ្យមានរដ្ឋប្រហារយោធា នៅក្នុងប្រទេសតួកគី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ខែកញ្ញា ឆ្នាំ២០១៦។
តួកគីបានចោទលោក Gulen ថានៅពីក្រោយការធ្វើរដ្ឋប្រហារមិនបាន សម្រេចកាលពីពីរខែមុននេះ ដែលនៅពេលនោះ ទាហានបះបោរ បានបញ្ជារថពាសដែក និងយន្តហោះចម្បាំង មកទម្លាក់គ្រាប់បែកលើសភាជាតិតួកគី និងបានកាន់កាប់ស្ពានចេញចូលមួយចំនួន ក្នុងគោលបំណងដណ្តើមអំណាចពី រដ្ឋាភិបាលស្របច្បាប់របស់តួកគី។
គួរបញ្ជាក់ថា ប្រធានាធិបតីតួកគីលោក Tayyip Erdogan ធ្លាប់បានពិភាក្សាបញ្ហាខាងលើ ម្តងរួចមកហើយ ជាមួយប្រធានាធិបតីអាមេរិកលោក Barack Obama ក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសចិន កាលពីដើមខែកញ្ញានេះ។ មន្រ្តីរដ្ឋបាលជាន់ខ្ពស់អាមេរិកម្នាក់ បានឲ្យដឹងថា លោក Obama បានពន្យល់ដល់លោក Erdogan ថា ការសម្រេចចិត្តលើបញ្ហានេះ ចាំបាច់ត្រូវធ្វើឡើងតាមផ្លូវច្បាប់ និងមិនមែនដោយសាររឿងនយោបាយនោះឡើយ៕