(ភ្នំពេញ)៖ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមអធិបតីលោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានបើកនូវកិច្ចប្រជុំ ស្តីពីការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យអធិការកិច្ច។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួងអធិការកិច្ច ដែលដឹកនាំដោយលោកស្រី វី ស្រីពៅ រដ្ឋលេខាធិការ និងជាតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអធិការកិច្ច សរុបចំនួន ៣៥រូប។
កិច្ចប្រជុំនេះមានគោលបំណងបង្ហាញពីសមិទ្ធផលឆ្លើយតបនឹងមេរោគអេដស៍ កម្ពុជាដែលសម្រេចបានកន្លងមក។ ពិនិត្យនូវឋាមវ័ន្តនៃប្រព័ន្ធរួមគ្នាក្នុងការឆ្លើយតបនឹងមេរោគអេដស៍។ ពិនិត្យ និងអនុវត្តនូវវិធាននានា នៃនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ វិស័យអធិការកិច្ច។
ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានអង្គប្រជុំ បានថ្លែងនូវមតិស្វាគមន៍ដល់ក្រុមការងារ និងអង្គប្រជុំ ដោយបានថ្លែងនូវការស្វាគមន៍ និងកោតសរសើរដល់ក្រសួងអធិការកិច្ច ដែលបានប្រឹងប្រែងចូលរួមក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក។
លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអធិការកិច្ច បានថ្លែងនូវការកក់ក្តៅរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំ និងបញ្ជាក់ពីការចូលរួមក្នុងការឆ្លើយតបនឹងមេរោគអេដស៍ តាមរយៈការបញ្ជ្រាប និងផ្សព្វផ្សាយតាមរយៈកិច្ចប្រជុំ និងវេទិការនានា។ លោកស្រីបានប្រកាសពីសមាសភាពចូលរួមក្នុងកិច្ចប្រជុំមកពីក្រសួងអធិការកិច្ច។
លោកទេសរដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានអនុញ្ញាតិឱ្យមានការបង្ហាញដូចខាងក្រោម៖ បទបង្ហាញស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រសួង ស្ថាប័ន ដោយលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ លោកបណ្ឌិត បានបង្ហាញដោយសង្ខេបពីសមិទ្ធផលក្នុងការឆ្លើយតបនឹងមេរោគអេដស៍ដែលសម្រេចបានកន្លងមក និងក៏បានបង្ហាញពីគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍ និងផែនការយុទ្ធសាស្រ្តជាតិ ទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ ដោយផ្តោតដូចខាងក្រោម៖ គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ មានគោលបំណង ១)-សម្រេចទប់ស្កាត់ការឆ្លងថ្មីឱ្យបានក្រោមមួយករណីក្នុងមួយថ្ងៃ ឬជាង២០០នាក់ក្នុងមួយឆ្នាំ ២)- សម្រេចទប់ស្កាត់ការស្លាប់ដោយសារអេដស៍ឱ្យបានក្រោម២០០នាក់ក្នុងមួយឆ្នាំ ៣)- បំបាត់ការរើសអើងនិងមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ឱ្យអស់ពីសង្គមកម្ពុជា និងដោយវិធានចំនួន ៥៨សម្រាប់អនុវត្ត។
ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ មានចក្ខុវិស័យ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅប្រកបដោយសុខភាពល្អ មានផលិតភាព មានសិទ្ធិពេញលេញ គ្មានមេរោគអេដស៍ និងជំងឺអេដស៍ និងគ្មានការមាក់ងាយ និងរើសអើង។ ផែនការជាតិនេះ មានគោលដៅ ឆ្លើយតបនឹងមេរោគអេដស៍ជាពហុវិស័យប្រកបដោយចីរភាពដែលធានាថា ជំងឺអេដស៍លែងជាការគំរាមកំហែងសុខភាពសាធារណៈ។ ផែនការយុទ្ធសាស្រ្តជាតិ មានគោលបំណងចំនួន៤ គឺ១) ផ្តល់ការបង្ការ ព្យាបាលថែទាំ និងគាំទ្រទូលំទូលាយ និងមានប្រសិទ្ធភាព តាមរយៈការសម្របសម្រួលល្អ និងប្រើប្រាស់វិធីសាស្រ្តជំរុញការចូលរួមជាពហុវិស័យ ២) ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម និងបង្កើតបរិយាកាសអំណោយផលឱ្យក្រុមប្រជាជនគន្លឹះ និងក្រុមអ្នកផ្ទុកមេរោគអេដស៍ ទទួលបានសេវាអេដស៍ សេវាសុខាភិបាល និងសេវាគាំទ្រផ្នែកច្បាប់ និងសង្គម ៣)កសាងសមត្ថភាពស្ថាប័ន និងកែលម្អការធ្វើសមាហរណកម្មការឆ្លើយតបនឹងមេរោគអេដស៍ ទៅក្នុងវិស័យសុខាភិបាល និងវិស័យមិនមែនសុខាភិបាល និង៤) ធានាចីរភាពសមិទ្ធផលជាតិនៃការឆ្លើយតបនឹងមេរោគអេដស៍។
បទបង្ហាញស្តីពីឋាមវន្តនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលបង្ហាញដោយលោក វេជ្ជ. ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយបានបង្ហាញដូចជា៖ សារបាន និងបុព្វហេតុនៃការឆ្លើយតបនឹងមេរោគអេដស៍។ ការសម្របសម្រួល ការចូលរួមហិរញ្ញប្បទានពីប្រភពនានា និងការកំណត់អាទិភាពនៃបញ្ហានានា ព្រមទាំងបង្ហាញពីការរួមបញ្ចូលគ្នាប្រកបដោយឋាមវ័ន្ត។ លោកក៏បានបង្ហាញវិធាននៃការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីឈានទៅសម្រេចបាននូវគោលដៅនៃការឆ្លើយតបនឹងមេរោគអេដស៍។
ទេសរដ្ឋមន្រ្តីបានផ្តល់នូវមតិ និងអនុសាសន៍ដល់កិច្ចប្រជុំដូចខាងក្រោម៖ ក្រសួងអធិការកិច្ចបានចូលរួមយ៉ាងសកម្ម ក្នុងការបញ្រ្ជាប និងផ្សព្វផ្សាយពីច្បាប់ ដែលក្នុងនោះក៏មានច្បាប់អេដស៍ផងដែរ
ដើម្បីអាចលុបបំបាត់អេដស៍បាន យើងត្រូវសម្រេចឱ្យបាននូវគោលដៅ៩៥-៩៥-៩៥។
តាមការចូលរួម និងប្រឹងប្រែងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ កម្ពុជាសម្រេចបាននូវគោលដៅចំនួន ២ ក្នុងចំណោមគោលដៅ ៩៥ទាំងបីគឺ គោលដៅទី២ និងទី៣ នៅឆ្នាំ២០២២ (៩៥ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ដឹងពីស្ថានភាពរបស់ខ្លួន បានទទួលសេវាថែទាំ និងព្យាបាលជំងឺអេដស៍ និង៩៥ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ទទួលបានសេវាព្យាបាល និងថែទាំជំងឺអេដស៍ មានបន្ទុកមេរោគអេដស៍ក្នុងឈាមកម្រិតទាប)។ ចំណែកគោលដៅទី១ ទើបតែបានប្រមាណជា ៨៦ភាគរយ (ឆ្នាំ២០២២) នៅឡើយ ដែលទាមទារនូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ក្រសួងអធិការកិច្ច ត្រូវរៀបចំផែនការឆ្លើយតបនឹងមេរោគអេដស៍ និងស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមការបរិច្ឆេទក្នុងការស្នើសុំថវិកា ឱ្យបានទាន់ពេលវេលា។ ការមាក់ងាយ និងរើសអើង នៅមាននៅឡើយក្នុងសង្គមកម្ពុជា។
បើទោះបីមានវិធាននានាក្នុងការបង្ការការឆ្លងមេរោគអេដស៍ក៏ដោយ ក៏ការឆ្លងថ្មីនៅតែមាន ជាពិសេសក្រុមប្រជាជនគន្លឹះយុវវ័យ។ រិះរកនូវវិធានច្បាប់ និងវិធីសាស្រ្តក្នុងការប្រមូលនានាឱ្យបានគ្រប់ជ្រុងជ្រោយ ពិសេសគ្លីនិកឯកជនឱ្យផ្តល់នូវរបាយការណ៍ឆ្លើយតបនឹងមេរោគអេដស៍ នោះយើងសង្ឃឹមថានឹងសម្រេចបាននូវគោលដៅទាំងបី។ ក្រសួងអធិការកិច្ច ត្រូវចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស រៀងរាល់ខែ ដើម្បីចូលរួមក្នុងការពិនិត្យនូវវឌ្ឍនភាព និងការងារបច្ចេកទេស។
ទេសរដ្ឋមន្រ្តី ក៏បានដាក់ឱ្យពិភាក្សានូវវិធាននានាសម្រាប់ទីស្តីការគណៈរដ្ឋមន្រ្តី នៅក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដែលរួមមាន៖ ពង្រឹងប្រព័ន្ធឆ្លើយតបជាពហុវិស័ (៥វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ (៩វិធានការ) ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំនិងព្យាបាល (៧វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម (៣វិធានការ) បញ្ចប់ការរើសអើងនិងមាក់ងាយ (៣វិធានការ) ចលនាធនធាន (៤វិធានការ) ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃ (៨វិធានការ) ដើម្បីបង្កការងាយស្រួលដល់ការរៀបចំផែនការឆ្លើយតបនឹងមេរោគអេដស៍ អាជ្ញាធរជាតិនឹងរៀបចំនូវលិខិតជម្រាបជូនលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីគណៈរដ្ឋមន្រ្តី៕