(ភ្នំពេញ)៖ តារាចម្រៀងល្បីល្បាញ ប្រចាំក្នុងផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី បានបង្ហាញមហិច្ឆតា របស់ខ្លួនយ៉ាងមុតមាំ ដើម្បីលះបង់កម្លាំងកាយចិត្ត ចូលរួមជាមួយកម្មវិធីតន្រ្តី សប្បុរសធម៌ ជួយដល់មន្ទីរពេទ្យ«គន្ធបុប្ផា» ព្រោះនេះជាសកម្មភាពសង្គមមួយ ដែលមានតម្លៃ សម្រាប់នាង ក្នុងនាមជាខ្មែរដូចគ្នា ជាពិសេសគឺការជួយសង្គ្រោះជីវិតកុមារក្រីក្រ រាប់ម៉ឺននាក់ ដែលកំពុងតែរងគ្រោះដោយជំងឺផ្សេងៗ និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ «គន្ធបុប្ផា»។
តារាចម្រៀងសាច់សខ្ចី សំដីផ្អែមត្រជាក់អង្រួនចិត្ដ យុវវ័យរបស់កម្ពុជា កញ្ញា សុខ ពិសី បានបង្ហាញចំណាប់អារម្មណ៍ និងការតាំងចិត្តខ្ពស់ ក្នុងសន្និសីទសាព័ត៌មានមួយ នៅវិទ្យាល័យន័រតុន នារសៀលម្សិលមិញនេះថា «ខ្ញុំសុខចិត្តលះបង់ការងារគ្រប់យ៉ាង មកចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី ដើម្បីរកថវិកាជួយពេទ្យគន្ធបុប្ផា ដែលនឹងប្រារព្ធធ្វើ នៅថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ ព្រោះនេះការងារមានតម្លៃសម្រាប់សង្គម ពិសេសជួយដល់កុមារកម្ពុជា!»។
តារារូបស្រស់សំដីផ្អែម មានពីរោះក្រអៅក្រអូន រូបនេះ បានបន្ថែមថា «មន្ទីរពេទ្យគន្ធបុប្ផានេះ បានជួយព្យាបាលកុមារកម្ពុជា ដោយមិនយកប្រាក់ ដូច្នេះខ្ញុំចង់ចូលរួម ជួយតាមលទ្ធភាព គឺដោយមិនយកប្រាក់ឡើយ ហើយបើលើកក្រោយមានកម្មវិធីនេះទៀត ខ្ញុំក៏រីករាយនឹងបន្តចូលរួមផងដែរ ព្រោះជាការស្រឡាញ់ចូលចិត្ដរបស់ខ្ញុំ ទោះគ្មានអ្វីជួយគាត់ច្រើន តែខ្ញុំនឹងប្រឹងប្រែង ដើម្បីជួយដល់ពួកគាត់ឲ្យបានច្រើន តាមរយៈការរួមចំណែក ជាមួយមន្ទីរពេទ្យគន្ធបុប្ផា និងកម្មវិធីសប្បុរសផ្សេងៗទៀត!»។
សុខ ពិសី បានបញ្ជាក់ទៀតថា «នេះមិនមែនជាលើកទី១ សម្រាប់ខ្ញុំទេ គឺខ្ញុំតែងតែចូលរួមគ្រប់កម្មវិធីសប្បុរសទាំងអស់ ដោយមិនយកប្រាក់កម្រៃឡើយ ឲ្យតែបានជួយដល់កុមារ និងប្រជាពលរដ្ឋ ដែលក្រខ្សត់គ្រប់ទីកន្លែង ឲ្យតែកម្មវិធីសប្បុរសធម៌ ដើម្បីជួយពួកគាត់ គឺខ្ញុំសុទ្ធចិត្ដលះបង់ ការងារ និងពេលវេលាដើម្បីជួយដល់បងប្អូន ខ្មែរយើង»។
អ្វីដែលកាន់តែ មិននឹកស្មានដល់នោះ តារាចម្រៀងល្បីរូបនេះ បានបញ្ជាក់ថា គ្រប់ពេលឲ្យតែមានកម្មវិធី ដើម្បីជួយដល់កុមារ ឬកម្មវិធីសប្បុរសធម៌ផ្សេងៗ នាងសុខចិត្តលុបចោល ការងារផ្ទាល់ខ្លួនទាំងអស់ ទាំងការថតផ្សាយពាណិជ្ជកម្ម និងថតខារ៉ាអូខេ បទថ្មីរបស់នាង ដោយបានស្នើសុំឲ្យខាងក្រុមហ៊ុនថតស្ប៉ត និងខារ៉ាអូខេ លើកទៅថ្ងៃក្រោយ ដើម្បីយកពេលវេលានេះ ចូលរួមកម្មវិធីប្រគំតន្ត្រីដ៏សំខាន់ ជួយដល់កុមារកម្ពុជា ដែលជាការងារសង្គមមួយ មិនអាចឲ្យនាងអវត្តមានបានឡើយ៕