(ភ្នំពេញ)៖ ស្ត្រីម្នាក់ដែលបានជួលរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស យកមកជិះ បែរជាយកទៅបញ្ចាំ លុះម្ចាស់ឃើញ ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច នៅម្ដុំមុខផ្សារ ស៊ិនជូរីផ្លាហ្សា ហើយត្រូវបានបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ តែមិនទាន់ដឹងពីចំណាត់ការនៅឡើយទេ។
ស្រ្តីជាប់ចោទខាងលើនេះមានឈ្មោះ កែវ ស្រីវ៉ាង ភេទស្រី អាយុ២៩ឆ្នាំមុខរបរគួកជេរដី ស្នាក់នៅ តាមផ្ទះសំណាក់មានស្រុកកំណើតភូមិម៉ុងបារាំងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងស្រ្តីម្នាក់ទៀតឈ្មោះ សំរិទ្ធ ភន ជាអ្នកផ្សំគំនិត។
បុរសជាម្ចាស់រថយន្ត មានឈ្មោះសុខ ភារម្យ អាយុ៣៣ឆ្នាំជាមន្រ្តីយោធាស្នាក់នៅផ្ទះលេខ២០ហាស ផ្លូវលំភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ បានជួលរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌ខ្មៅ ស៊េរីឆ្នាំ2002 ពាក់ស្លាកលេខ ភ្នំពេញ 2D-9090 បានជួលរថយន្តនោះទៅឲ្យឈ្មោះ ស្រីវ៉ាង ដោយក្នុងមួយខែ១១០០ដុល្លារ។
លោកបានបន្ថែមទៀតថា លុះមកដល់ថ្ងៃទី២០ ខែឆ្នាំដដែលឈ្មោះ ស្រីវ៉ាង បានយករថយន្តដែលខ្លួនជួលនោះ យកទៅដាក់បញ្ចាំទៅឲ្យឈ្មោះ វង្ស សេងហួត ក្នុងតំលៃ៩០០០ដុល្លារពេលប្រគល់ លុយរួចរាល់ហើយឈ្មោះ វង្ស សេងហួត បានយករថយន្តទៅផ្ញើទុក នៅផ្ទះឪពុកឈ្មោះ គីម ទ្រី ដែលមានទីតាំងនៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លុះម្ចាស់ដឹងក៏ប្ដឹងសមត្ថកិច្ចខណ្ឌសែនសុខ ឲ្យជួយស្រាវជ្រាវទើបនៅថ្ងៃកើតហេតុប្រទះឃើញស្រ្តីខាងលើក៏ចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យនគបាលខណ្ឌសែនសុខតែម្តង។
ក្រោយពីឃាត់ខ្លួនស្រ្តីខាងលើ ត្រូវនគរបាលធ្វើការសាកសួរ និងបន្ត និតិវិធីតាមផ្លូវច្បាប់ ហើយបានបញូនមកសាលាដំបូងរាជធានី នៅ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ៕