(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

ក្នុងពិធីនេះក៏មានការចូលរួមពីអនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណៈដឹកនាំចលនាយុវជនគ្រឹះស្ថានឧត្តមសិក្សា ប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសមាជិក សមាជិកាចូលរួម ចំនួន៤៧៨នាក់។

យោងតាមរបាយការណ៍ លោក ដោក ជា សាកលវិទ្យាធិការ និងជាប្រធានក្រុមការងារ ស.ស.យ.ក. ប្រចាំវិទ្យាស្ថាន បានគូសបញ្ជាក់ពីសកម្មភាពសង្ខេប និងលទ្ធផលសំខាន់ៗ របស់ក្រុមការងារស.ស.យ.ក. ប្រចាំវិទ្យាស្ថាន ពាក់ព័ន្ធនឹងការបញ្ចូលសមាជិក សកម្មភាពចូលរួមការងារសង្គម និងការបង្កើនសមត្ថភាពយុវជនក្នុងការចូលរួមជាមួយការងារស្ម័គ្រចិត្ត និងមនុស្សធម៌។

លោកសាកលវិទ្យាធិការ តំណាងឲ្ហសមាជិក សមាជិកា បានធ្វើការប្តេជ្ញាចូលរួមជាមួយ ស.ស.យ.ក. ដើម្បីក្លាយខ្លួនជាសសរទ្រូងប្រទេសជាតិ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានលើកឡើងថានេះគឺជាលើកទីមួយហើយដែលបានជួបជុំគ្នា ក្នុងនាមជាក្រុមគ្រួសារ ស.ស.យ.ក. តែមួយ ឯកសណ្ឋានតែមួយ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលយើងនឹងរួមគ្នាសម្រេចនូវបេសកកម្ម និង បុព្វហេតុស.ស.យ.ក.។

ទន្ទឹមនឹងនោះ លោកក៏បានចែករំលែកជូនសមាជិកសមាជិកាទាំងអស់អំពីបុព្វហេតុនៃការចូលរួមកិច្ចការសង្គម ដើម្បីប្រទេសជាតិ។ លោកបន្តថា ទោះបីយើងមានតួនាទី ភារកិច្ច និងក្តីស្រមៃខុសៗគ្នា តែវាទាមទារឲ្ហយើងមានទស្សនៈឯកភាពជាតិមួយ ដែលបង្ហាញពីការរួបរួមគ្នា ក្នុងនាមជាសញ្ជាតិមួយ។

លោកបានបន្ថែមថា សកម្មភាពដែល ស.ស.យ.ក. បានរៀបចំកន្លងមក មិនថាការលើកស្ទួយវប្បធម៌ ប្រពៃណី ឬព្រឹត្តិការណ៍ណាមួយទេ គឺយើងបានបង្កើតឱកាសឲ្យអ្នកទាំងឡាយដែលមកពីកន្លែងផ្សេងគ្នា ឆ្ងាយពីគ្នា និងមិនដែលស្គាល់គ្នាឲ្យមកធ្វើការរួមគ្នា ដើម្បីផ្តល់ភាពវិជ្ជមានដល់សង្គមជាតិ។ តាមរយៈទំនាក់ទំនងចេញពីការងារជាមួយស.ស.យ.ក. នេះហើយ ដែលយើងអាចឈានទៅកសាងភាពសុខដុមរមនាក្នុងសង្គមឱ្យកាន់តែរឹងមាំ។

លោក ហ៊ុន ម៉ានី បានបន្តថា ការរៀបចំពិធីសំណេះសំណាលនេះ ម្យ៉ាងជាការឆ្លុះបញ្ចាំងពីការរីកធំធាត់របស់គ្រួសារ ស.ស.យ.ក. ប៉ុន្តែក៏ជាការរៀបចំដើម្បីពង្រឹង ភាពស្និទ្ធស្នាលរវាងគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ជាមួយសមាជិក សមាជិកា ដែលជាអ្នកបន្តវេន និងជាធនធានមនុស្សដ៏មានសក្តានុពល ក្នុងការចូលរួមរក្សា បន្តកសាង អភិវឌ្ឍ និងកំណត់ជោគវាសនាប្រទេសជាតិនាពេលអនាគតផងដែរ៕