(ភ្នំពេញ)៖ អតីតមន្ត្រីរបស់កម្ពុជាមួយរូប ដែលបានធ្វើការងារបម្រើរាជការនាទសវត្សរ៍១៩៩០ ពេលលោក សម រង្ស៉ី ធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញមកទម្លាយបើកកកាយថា លោក សម រង្ស៉ី មិនមែនជាមនុស្សស្អាតស្អំអ្វីនោះឡើយ តែងតែប្រព្រឹត្តអំពើពុករលួយយកលុយពីអ្នកចូលធ្វើគយ អ្នករកស៊ីឈើ និងដឹកទំនិញផ្សេងៗ ជាដើម។
លោក ចាន់ រាជសីហ៍ បច្ចុប្បន្នមានវ័យជាង៧០ឆ្នាំហើយ ហើយកំពុងរស់នៅសហរដ្ឋអាមេរិក។ លោក រាជសីហ៍ ក៏ជាអតីតមន្ត្រីកងរាជអាវុធហត្ថក្នុងរាជរដ្ឋាភិបាលនីតិកាលទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨។
រាជរដ្ឋាភិបាលនីតិកាលទី១ លោក សម រង្ស៉ី មន្ត្រីមកពីគណបក្សហ៊្វុនស៊ិនប៉ិច មានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធាននោះ ទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែធ្វើបានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ត្រូវបានគណបក្សដកចេញពីតំណែងវិញ។ ក្រោយបក្សដកចេញតំណែង លោក សម រង្ស៉ី ខឹងសម្បាដើរចេញពីបក្សហ៊្វុនស៊ិនប៉ិច ទៅបង្កើតបក្សថ្មីដោយខ្លួនឯងឈ្មោះថា «ជាតិខ្មែរ»។
ក្នុងនាមជាកម្លាំងសមត្ថកិច្ចនាពេលនោះ លោក ចាន់ រាជសីហ៍ បានធ្វើការងារច្រើនជាមួយលោក សម រង្ស៉ី ជាពិសេសពេលចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសទំនិញ។
តាមរយៈការងារបង្ក្រាបបទល្មើសទាំងអស់នេះហើយ ដែលធ្វើឱ្យលោក រាជសីហ៍ បានដឹងច្បាស់ពីទង្វើពុករលួយនានារបស់លោក សម រង្ស៉ី។
បើតាមលោក រាជសីហ៍ ការប្រព្រឹត្តអំពើពុករលួយរបស់លោក សម រង្ស៉ី មិនមែនត្រឹមរឿងបង្ក្រាបបទល្មើសដឹកទំនិញនោះទេ លោកក៏បានយកលុយពាក់ព័ន្ធការរត់ការចូលជាមន្ត្រីគយ និងយកលុយពីឈ្មួញរកស៊ីឈើផងដែរ។
ក្រៅពីការកឹបកេងលុយក្នុងរាជការហើយនោះ លោក រាជសីហ៍ ក៏បានទម្លាយផងដែរថា លោក សម រង្ស៉ី ក៏បានកឹបកេងលុយពីគណបក្សថែមទៀតផង៕