(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋចាស់ជរាទីទ័លក្រ ដែលមានជីវភាពខ្វះខាតពិតប្រាកដ ចំនួន៣៦គ្រួសារ ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ផ្តល់អំណោយមនុស្សធម៌ សម្រាប់ប្រើប្រាស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌនាពេលខាងមុខ នៅសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងបរិវេណសាលាខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានឲ្យដឹងថា អំណោយទាំងនេះ គឺបានត្រឹមតែជួយបងប្អូនមួយគ្រាប៉ុណ្ណោះ នៅពេលដែលលោកមានលោក អាចផ្តល់ជូនបាន ប៉ុន្តែអ្វីដែលសំខាន់នោះ សូមបងប្អូនខិតខំរកទទួលទានដោយខ្លួនឯង បន្ថែមទៀត ជៀសវាងដាច់ខាត កុំប្រព្រឹត្តល្បែងស៊ីសងឲ្យសោះ។
លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវទៅចុះឈ្មោះបោះឆ្នោតសារជាថ្មីឲ្យបានគ្រប់គ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ព្រោះរយៈពេលនៃការចុះឈ្មោះ គឺមានតែ៩០ថ្ងៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជាមួយគ្នានោះ ចំពោះបងប្អូនដែលមានកូនគ្រប់អាយុចូលរៀន ត្រូវបញ្ជូនកូនទៅចុះឈ្មោះចូលរៀន ដើម្បីឲ្យពួកគេទទួលបានចំណេះដឹង សម្រាប់លើកស្រួយជីវភាពគ្រួសារបានមួយកម្រិតទៀត។ លោក ក៏បានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋ ប្រសិនបើជួបការលំបាក ឬពុំមានលទ្ធភាព អាចខលមកលោកបាន ដើម្បីរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា ព្រោះយើងដូចជាក្រុមគ្រួសារតែមួយ។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋចាស់ជរាទីទ័លក្រ ដែលមានជីវភាពខ្វះខាតពិតប្រាកដ ចំនួន៣៦គ្រួសារ បានទទួលអំណោយសប្បុរសធម៌ រួមមាន អង្ករ២០គីឡូក្រាម ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប តែ១កញ្ចប់ ស្ករស០,៥គីឡូក្រាម និងស្រាក់១ សម្រាប់ប្រើប្រាស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ នាពេលខាងមុខផងដែរ៕